ក្នុងកាលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមយុវជនបូជាការពារយុត្តិធម៌ ឈរជើងក្បែរសមរភូមិយកស្បៀងអាហារ និងសម្ភារៈចាំបាច់ជូនវីរកងទ័ព និងជនភៀសសឹក

ជុំវិញ​ឧកញ៉ា

ក្នុងកាលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញ និងកំពុងឈរជើងក្បែរសមរភូមិ នាំយកអំណោយ ផ្តល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា បន្ទាប់ពីមានការវាយប្រហារឈ្លានពានជាថ្មី ពីសំណាក់យោធាថៃ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចាត់ក្រុមយុវជន និងសិល្បករជាច្រើនផ្នែកចុះរៀបចំស្បៀងអាហារដល់សមរភូមិមុខ ចុះប្រមូលទិញអំបុក ផ្នែកប្រមូលត្រីធ្វើងៀត ផ្នែកធ្វើឆៃប៉ូវ ផ្នែកអង្ករ និងផ្នែកទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅចែកជូនដល់វីរកងទ័ព កំពុងឈរជើងការពារទឹកដីនៅបណ្តោយព្រំដែន និងបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលភៀសខ្លួនដោយសារសង្រ្គាមឈ្លានពានរបស់ថៃ។

ការចូលរួមរបស់ក្រុមយុវជន ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឡើងតាមរយៈការអំពាវនាវរបស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អគ្គភស្តុភារកំពូលកងយោធពលខេមរភូមិន្ទ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការគាំទ្រដល់កងកម្លាំងគ្រប់ប្រភេទ និងជនភៀសសឹក។

នៅក្នុងកាលៈទេសៈនេះ ស្មារតីសាមគ្គីភាពកាន់តែរឹងមាំ ការចូលរួមរបស់ក្រុមយុវជន គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕