អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានប្រកាសបន្ដផ្ដល់ឡានចំនួន១០០០គ្រឿង ដើម្បីដឹកស្បៀងជូនវីរៈកងទ័ព និងជនភៀសសឹក ដោយមិនគិតលុយ ស្របតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ។

តាមរយៈបណ្ដាញសង្គមផ្លូវការ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា «ឡានដឹក១០០០គ្រឿងរបស់វិរៈប៊ុនថាំនៅបន្ដដឹកស្បៀងជូនវីរៈកងទ័ព និងជនភៀសសឹក មិនគិតលុយតាមសំណូមពរ»។
អ្នកឧកញ៉ា បន្ថែមថា «VET នៅជាមួយប្រជាជនកម្ពុជាគ្រប់ពេលលំបាក»។
សូមជម្រាបថា ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនកម្ពុជា-ថៃ អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ប៊ុន ចន្ធូ បានជួយលើការងារសប្បុរធម៌ជាច្រើនដូចជា៖ ការបញ្ចេញរថយន្តទៅជួយទិញផ្លែល្ពៅពីកសិករខេត្តព្រះវិហារជិត ៣០០តោន, ការបញ្ចេញរថយន្តត្រជាក់ដឹកបន្លែពីសហគមន៍ទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ចំនួន ១៥តោន ទៅកាន់តំបន់មុំបី និងការបញ្ចេញរថយន្តរាប់សិបគ្រឿង ដើម្បីដឹកជញ្ជូនស្បៀង ដឹកជំនួយជូនកងទ័ព និងដឹកជញ្ជូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ ដោយឥតគិតថ្លៃ, ការនាំយកអំណោយទឹកដោះគោចំនួន ៥០០កេស និងអាហារខ្ចប់ចំនួនជាង ២៧០០ប្រអប់ ជូនដល់កងទ័ពជួរមុខកម្ពុជា និងជនភៀសសឹក នៅខេត្តព្រះវិហារ ផងដែរ៕



