អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ព្រមទាំងគ្រួសារ បានប្រកាសបរិច្ចាគថវិកាបន្ថែមជួយជនភៀសសឹកដោយសារសង្រ្គាមចំនួន ២លានដុល្លារទៀត (២,០០០,០០០ដុល្លារ) ដែលធ្វើឲ្យទំហំទឹកប្រាក់ការបរិច្ចាគរបស់ អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងគ្រួសារនៅពេលនះកើនដល់៤លានដុល្លារ (៤,០០០,០០០ដុល្លារ) ដោយមិនរាប់បញ្ចូលការបរិច្ចាគតាមអង្គភាពផ្សេងៗទៀត។

ចំនួនទឹកប្រាក់បរិច្ចាគដ៏ច្រើននេះធ្វើឡើងតាមរយៈក្រុមហ៊ុនធំៗចំនួន៣ របស់អ្នកឧកញ៉ា គិត ម៉េង ក្នុងនាមជាម្ចាស់ និងប្រធានក្រុមប្រឹក្សាភិបាលផ្ទាល់ រួមមាន៖ ទី១៖ ក្រុមហ៊ុន Royal Group ចំនួន២លានដុល្លារ, ទី២៖ ក្រុមហ៊ុន Royal Group Phnom Penh Special Economic Zone (១លានដុល្លារ) និងទី៣៖ ធនាគារ J Trust Royal Bank (១លានដុល្លារ)។
សូមជម្រាបថា សង្រ្គាមនៅតាមព្រំដែនកម្ពុជាថៃ បាននឹងកំពុងផ្ទុះឡើងធ្វើឲ្យជនភៀសឹកនៅពេលកើនដល់ប្រមាណ ៥០ម៉ឺននាក់ ដែលត្រូវការស្បៀងជាចាំបាច់ និងទាន់ពេលវេលា ដូច្នេះការបរិច្ចាគរបស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា គឺជារឿងដ៏សំខាន់ណាស់ដែលជួយដល់ជនភៀសសឹកដើម្បីសង្គ្រោះជីវិត។ អ្នកឧកញ៉ា និងភរិយា តែងតែចូលរួមជានិច្ចជួយបរិច្ចាគដល់ កម្មវិធីមនុស្សធម៌ជាច្រើនដល់សង្គមកម្ពុជា និងជួយឧបត្ថម្ភថវិកាយ៉ាងច្រើនជួយដល់កម្មវិធីផ្សេងៗតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា៕



