នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស របស់ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហការ ក្នុងការផ្តល់សេវាដឹកជញ្ជូនឯកសារអត្តរសញ្ញាណកម្មជូនប្រជាពលរដ្ឋ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ព្រមទាំងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាច្រើនរូប។
កិច្ចសហប្រតិបត្តិការដ៏សំខាន់នេះ ក្នុងគោលបំណងរួមចំណែកគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល តាមរយៈការជំរុញការផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរ និងជួយសម្រាលបន្ទុកចំណាយ និងពេលវេលារបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានមានប្រសាសន៍ថា៖ “ការចុះអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ ជាយន្តការមួយដ៏មានសារសំខាន់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែទូលំទូលាយ កាន់តែងាយស្រួល និងឆាប់រហ័ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ដូច្នេះ ពិធីនេះជាពិធីដ៏មានសារសំខាន់ ក្នុងការត្រួសត្រាយផ្លូវ ដើម្បីផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់នូវជម្រើសដល់ប្រជាពលរដ្ឋ ក្នុងការជ្រើសរើសសេវាបញ្ញើ (តាមគោលការណ៍ស្ម័គ្រចិត្ត) លើឯកសារអត្តសញ្ញាណកម្មដល់លំនៅឋាន ឬដល់ទីតាំងដែលប្រជាពលរដ្ឋបានស្នើ”។
ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានថ្លែងថា៖ “ក្នុងដំណើរការអាជីវកម្មជាង ២១ឆ្នាំមកនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បាននិងកំពុងបន្តបេសកកម្ម រួមចំណែកលើកកម្ពស់ស្ទើរតែគ្រប់វិស័យចំបងៗនៅកម្ពុជា ដែលក្នុងនោះរួមមាន វិស័យដឹកជញ្ជូនអ្នកដំណើរ បញ្ញើទំនិញឆាប់រហ័ស បដិសណ្ឋារកិច្ច រីសតប្រណិត អចលនទ្រព្យ និងវិស័យកសិកម្ម។ បច្ចុប្បន្នក្រុមហ៊ុន បានពង្រីកអាជីវកម្មរបស់ខ្លួនទៅទូទាំងប្រទេស និងទៅកាន់ក្រៅប្រទេសមួយចំនួនផងដែរ។ អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ បម្រើអតិថិជនរាប់លាននាក់ និងបានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរប្រមាណជិត ១០,០០០នាក់ ដែលកំពុងបំពេញប្រតិបត្តិការ និងផ្តល់សេវាកម្មយ៉ាងទូលំទូលាយពេញផ្ទៃប្រទេស”។
ឯកឧត្តម អ្នកឧកញ៉ាអគ្គនាយក បានបន្ថែមថា ជាការពិតណាស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស តែងមានវត្តមាន និងដើរតួនាទីក្នុងនាមជាវិស័យឯកជន ក្នុងកិច្ចសហប្រតិបត្តិការនានា ជាមួយវិស័យរដ្ឋ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនទៅមុខ។ ជាក់ស្តែង កន្លងមកថ្មីៗនេះ ក្រុមហ៊ុនបានធ្វើកិច្ចសហប្រតិបត្តិការជំរុញដល់ការនាំអង្ករ និងកសិផលកម្ពុជាចេញទៅទីផ្សារអន្តរជាតិ ជាមួយក្រសួងកសិកម្ម, កិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ជាមួយក្រសួងទេសចរណ៍, កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ក្នុងការដឹកជញ្ជូនអំណោយស្បៀងអាហារពីសប្បុរសជនគ្រប់ទីតាំងទៅជូនវីរកងទ័ព និងជនភៀសសឹក ព្រមទាំងកិច្ចសហប្រតិបត្តិការថ្ងៃនេះ ជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ក្នុងការជំរុញការផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរ និងជួយសម្រាលបន្ទុកចំណាយ និងពេលវេលាជូនដល់ប្រជាពលរដ្ឋយើង។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ ក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក និងសហការីទាំងអស់ ចំពោះការជឿទុកចិត្ត ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស។ តាមរយៈកិច្ចសហប្រតិបត្តិការថ្ងៃនេះ អ្នកឧកញ៉ាសង្ឃឹមយ៉ាងមុតមាំ និងតាំងចិត្តខ្ពស់ក្នុងការផ្តល់សេវាដឹកជញ្ជូនឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ដែលមកប្រើប្រាស់សេវារបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឱ្យដល់គោលដៅ គ្រប់ភូមិស្រុក និងទីដាច់ស្រយាល ដើម្បីផ្តល់នូវភាពងាយស្រួល និងកាត់បន្ថយចំណាយ ជូនដល់ប្រជាជនខ្មែរនៅគ្រប់តំបន់នៃព្រះរាជាណាចក្រកម្ពុជា៕


















