អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប យល់ឃើញថា សន្តិភាពគឺជារតនសម្បត្តិជាតិដ៏អស្ចារ្យបំផុត និងជាមូលដ្ឋានគ្រឹះនៃរាល់ក្តីស្រមៃដែលយើងបង្កើតទ្បើង ហើយជាហេតុផលធ្វើឲ្យកូនៗអាចរស់នៅបានប្រសើរជាងជំនាន់មុនៗ។

ក្នុងឱកាសទិវាសន្តិភាពនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា ថ្ងៃនេះ យើងប្រារព្ធទិវាសន្តិភាព មិនមែនគ្រាន់តែជាថ្ងៃបុណ្យមួយនោះទេ ប៉ុន្តែជាការរំឭកឲ្យឃើញនូវស្មារតីខ្មែរគ្រប់រូបដែលដឹងថា សន្តិភាពគឺជារតនសម្បត្តិជាតិដ៏អស្ចារ្យបំផុតរបស់យើង។ សន្តិភាពជាមូលដ្ឋានគ្រឹះនៃរាល់ក្តីស្រមៃដែលយើងបង្កើតទ្បើង ហើយជាហេតុផលធ្វើឲ្យកូនៗរបស់យើងអាចរស់នៅបានប្រសើរជាងជំនាន់មុនៗពួកគេ។
អ្នកឧកញ៉ា បានបន្តថា នៅក្នុងប្រទេសជាច្រើន សន្តិភាពគឺជារឿងធម្មតា។ សម្រាប់យើង សន្តិភាពដែលយើងរកបាន គឺឆ្លងកាត់ការលំបាកជាច្រើន។ សន្តិភាពត្រូវបានកសាងឡើងវិញដោយឪពុកម្តាយ ជីដូនជីតាដែលរស់រានមានជីវិតពីសង្គ្រាម និងដោយប្រជាពលរដ្ឋកម្ពុជាជាច្រើនជំនាន់ដែលខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ដោយសារសន្តិភាព គ្រួសារខ្មែរអាចសាងសង់លំនៅឋានរបស់ពួកគាត់ឡើងវិញ យុវជនទទួលបានឱកាសថ្មីៗ ហើយប្រទេសកម្ពុជាបានប្រែក្លាយជាប្រទេសមានភាពរីកចម្រើន ក្រោយចេញពីសង្គ្រាម។ សន្តិភាពធ្វើឲ្យយើងកសាងអាជីវកម្មបាន ចិញ្ចឹមបីបាច់គ្រួសារ ប្រារព្ធអបអរវប្បធម៌របស់យើង និងធ្វើឲ្យយើងមានក្តីសុបិនធំទៅថ្ងៃអនាគតប្រកបដោយទំនុកចិត្ត។
ការពារសន្តិភាពមិនមែនមានន័យថានៅស្ងៀមនោះទេ ប៉ុន្តែមានន័យថា យើងឈររួមគ្នាដោយភាពស្ងប់ស្ងាត់ ប៉ុន្តែរឹងមាំ មានស្មារតីស្នេហាជាតិ មានទំនួលខុសត្រូវ និងស្រឡាញ់ប្រទេសជាតិយើងដោយមិនបង្កភាពភ័យខ្លាច និងកំហឹងទ្បើយ។
ជាពិសេស ក្នុងស្ថានភាពពេលនេះដែលភាពតានតឹងនៅតាមព្រំដែនកើនឡើង និងរបួសផ្លូវចិត្តពីអតីតកាល យើងត្រូវចងចាំថា សន្តិភាពមិនមែនគ្រាន់តែជាសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសេចក្តីថ្លៃថ្នូរ ជាកាលានុវត្តភាព និងជាអនាគតរបស់កូនៗយើងផងដែរ។
អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា យើងលើកតម្កើងសន្តិភាព ដ្បិតយើងដឹងច្បាស់ពីតម្លៃនៃសន្តិភាព។ នៅពេលយើងរួមគ្នាជាធ្លុងមួយប្រកបដោយភាពរឹងមាំ យើងថែរក្សាប្រទេសកម្ពុជាឲ្យមានសុខសុវត្ថិភាព និងវឌ្ឍនភាព។ សន្តិភាពគឺជាមោទនភាពរបស់យើង។ សន្តិភាពគឺជាអំណាចរបស់យើង។ យើងត្រូវតែការពារសន្តិភាពដាច់ខាត៕





