ឧកញ៉ា ហួន លីមីង និងលោកជំទាវ ស្រេង ស្រីភាព កាលព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានឧបត្ថម្ភភួយចំនួន ១០០០ភួយ ដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីជូនដល់ជនភៀសសឹក ដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបូរណភាពទឹកដី ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពានថៃ ដោយស្មារតីស្នេហាជាតិមាតុភូមិ។

ពិធីប្រគល់ទទួលខាងលើនេះ បានធ្វើឡើងនៅសាលាខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ រដ្ឋបាលខេត្តកណ្ដាល ក៏សូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី សូមព្រះអង្គជួយប្រោះព្រំ ប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ សូមជួយថែរក្សាដល់ ឧកញ៉ា ហួន លីមីង និងលោកជំទាវ ស្រេង ស្រីភាព ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា បើតាមក្រសួងមហាផ្ទៃ គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ មានជនភៀសសឹក ២៥.៤០៧នាក់បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមជនភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មាន២៤២.២៦៧នាក់ ក្នុងនោះស្រី្ត ១២៧.៨៨៦នាក់ និងកុមារ៧៨.៩០៧នាក់ បន្តស្នាក់នៅជំរំភៀសសឹក៕




