នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ម៉ូតូ ០១គ្រឿង ជូនដល់វីរកងទ័ព ក្រោយពីម្ចាស់ហាងបញ្ចាំម៉ូតូបានប្រគល់ម៉ូតូ០១គ្រឿងនេះដល់វីរៈកងទ័ពវិញ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ថ្មីៗនេះ ក្រោយពីឃើញមានការបង្ហោះផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមថាមានវីរៈកងទ័ពជួរមុខម្នាក់ឈ្មោៈ មាស ប្រឹក្សា អាយុ៣១ឆ្នាំ ជាប់ដៃប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជានៅសមរភូមិមុខ ហើយបានបញ្ចាំម៉ូតូ៣ខែមិនបានមកបង់ប្រាក់ នៅហាងទទួលបញ្ចាំម៉ូតូមួយកន្លែង ស្ថិតនៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ក្រោយទទួលបានព័ត៌មាននោះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈការជួយជ្រោមជ្រែងពីលោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ផងដែរ ឯកឧត្តមស្នងការ ក៏បានបញ្ជារទៅលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំកម្លាំងចុះទៅដល់ហាងបញ្ចាំម៉ូតូខាងលើ ដើម្បីសួរនាំ។ បន្ទាប់ពីជួបម្ចាស់ហាង ទើបបានដឹងច្បាស់ថាម៉ូតូនោះពិតជាម៉ូតូវីរៈកងទ័ពពិតប្រាកដមែន ដោយម្ចាស់ហាងបញ្ចាំក៏បានជូនម៉ូតូនោះទៅវីរៈកងទ័ពវិញ និងមិនគិតទាំងការប្រាក់និងប្រាក់ដើមទៀតផង។
ជាមួយគ្នានោះ ឯកឧត្តមស្នងការ និងលោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ក៏បានឧបត្ថម្ភថវិកា និងសម្ភារមួយចំនួនជូនដល់វីរៈកងទ័ពនិងក្រុមគ្រួសារបន្ថែមទៀតផងដែរ៕








