ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បន្តប្តេជ្ញាជាផ្នែកមួយនៃការរីកចម្រើនក្នុងប្រទេសកម្ពុជា ក្រោយរីក​ចម្រើនជាមួយប្រជាជនកម្ពុជា ជាង៣ទសវត្សរ៍

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានបន្តប្តេជ្ញាជាផ្នែកមួយនៃការរីកចម្រើនក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានភាពរីក​ចម្រើនជាមួយប្រជាជនកម្ពុជា ជាង៣ទសវត្សរ៍កន្លងមកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈរូបភាពសំខាន់ៗរបស់ថ្នាក់ដឹកនាំ និងសារនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦​នេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានលើកឡើងបែបនេះថា៖ “រៀងរាល់ខែមករា ជាពេលដែលរំឭកឲ្យយើង​នឹក​ឃើញអំពីកម្លាំងនៃភាពធន់ តម្លៃនៃការរួបរួម និងក្តីសង្ឃឹមដែលសន្តិភាពបន្តផ្តល់ជូនកម្ពុជា។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានរីកចម្រើនរួមជាមួយប្រជាជនកម្ពុជាជាងបីទសវត្សរ៍មកហើយ។ យើងបានឆ្លងកាត់ការផ្លាស់ប្តូរ វឌ្ឍនភាព និងពេលវេលាសំខាន់ៗដែលបានគូសបញ្ជាក់ពីអត្តសញ្ញាណជាតិយើង”។

“យើងបន្តប្តេជ្ញាជាផ្នែកមួយនៃការរីកចម្រើនក្នុងប្រទេសកម្ពុជា ក្រោមសន្តិភាព ឯកភាព និងការចូលរួមគាំទ្រ​គ្រប់វិស័យ”។ ក្រុមហ៊ុនបានបញ្ជាក់បន្ថែម។

គួររំឭកថា អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ធ្លាប់បានលើកឡើង កាលខែវិច្ឆិកា ឆ្នាំ២០២៥ ថាកត្តាសុខ​សន្តិភាព បានផ្ដល់ឱកាសឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានលទ្ធភាពក្នុងការអភិវឌ្ឍរីកចម្រើន​ទាំងការកសាង​ធនធាន​មនុស្ស ដែលជាកត្តាសំខាន់មិនអាចខ្វះបាន ដើម្បី​ធានាបានថា កម្លាំងពលកម្មអាចឆ្លើយតបទៅ​នឹងបម្រែបម្រួល​យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ដែលរហូតមកបច្ចុប្បន្ន​ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានបុត្រសម្ព័ន្ធលើវិស័យ​ជាច្រើនចំនួន ២២ ក្រុមហ៊ុន។ អ្នកឧកញ៉ា ក៏បានបង្ហាញពីក្តីរីករាយ​ដោយបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិឱ្យរីកចម្រើន រួមទាំងសកម្មភាពជួយការងារសង្គម និងការងារមនុស្សធម៌ជាច្រើន ដើម្បីជួយ​ដល់កម្មករនិយោជិត និងប្រជាជនកម្ពុជាផងដែរ៕