តុលាការរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួន អតីតអ្នកឧកញ៉ា លី គួង ពាក់ព័ន្ធបទល្មើសឆបោក​តាមប្រព័ន្ធអនឡាញ និងការសម្អាតប្រាក់

ជុំវិញ​ឧកញ៉ា

លោក ឆែ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ លី គួង (អតីតអ្នកឧកញ៉ា) ភេទប្រុស អាយុ ៥០ឆ្នាំ នៅពន្ធនាគាររាជធានីភ្នំពេញ PJ ដើម្បីរង់ចាំការជំនុំជម្រះទោសតាមនីតិវិធីច្បាប់ បន្ទាប់ពីបានរកឃើញ​មានពាក់ព័ន្ធ​ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងការសម្អាតប្រាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន អតីតអ្នកឧកញ៉ា លី គួង  ត្រូវបានតំណាងអយ្យការចោទប្រកាន់ពី​បទល្មើស​រួមមាន៖ ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច បទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការ​ចាត់តាំង និងបទសម្អាតប្រាក់ ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ចាប់តាំងពីឆ្នាំ​២០១៩ រហូតមកដល់បច្ចុប្បន្ន បទល្មើសមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រម​ព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

បច្ចុប្បន្នជនត្រូវចោទឈ្មោះ លី គួង ត្រូវបានបញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែ ដើម្បីអនុវត្តតាមដីកាសម្រេច​របស់ចៅក្រមស៊ើបសួរ។ សំណុំរឿងនេះកំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតមកផ្តន្ទាទោសតាមច្បាប់។

សូមជម្រាបថា លោក​​ឧកញ៉ា លី គួង ​​ដែលត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម្ចាស់កាស៊ីណូហ័ងឡឹ (HUAGLE) ស្ថិតនៅផ្លូវ​៦១០ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ​ធ្លាប់ទទួលបានគោរមងារ​ជា​ «អ្នកឧកញ៉ា» ​នៅ​​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣៕