អ្នកឧកញ៉ា តែ អុីឆែ ក្លាយជាសមាជិក នៃសមាគមអ្នកសាងសង់កម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា តែ អុីឆែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អុីឆែ គ្រុប (Y Chhe Group Co., Ltd) បានចូលជា សមាជិក នៃសមាគមអ្នកសាងសង់កម្ពុជា។ នេះបើតាមការបង្ហាញឱ្យដឹងពីទំព័រហ្វេសប៊ុកផ្លូវការរបស់សមាគម​អ្នកសាងសង់កម្ពុជា កាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន អុីឆែ គ្រុប (Y Chhe Group Co., Ltd) ដែល​មាន​ អ្នកឧកញ៉ា តែ អុីឆែ ជា​​ស្ថាបនិក​ គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់សម្ភារៈសំណង់ឈានមុខគេមួយនៅកម្ពុជា នា​ពេល​បច្ចុប្បន្ន។ ក្រុមហ៊ុន​នេះ​ មានសមត្ថភាពផ្គត់ផ្គង់សម្ភារៈ​សាងសង់​សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ​អគារពាណិជ្ជកម្ម និងលំនៅដ្ឋានជាដើម។

ក្រុមហ៊ុន អុីឆែ គ្រុប ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៨៦​ ក្នុងទម្រង់ជាអាជីវកម្មខ្នាតតូចលក្ខណៈគ្រួសារ ដោយផ្តើមចេញពីការលក់គ្រឿងដែក និងលួសចំណង។ នៅ​ឆ្នាំ១៩៩២ ក្រុមហ៊ុន​បាន​ពង្រីក​អាជីវកម្ម​ទៅ​ជា​អ្នក​លក់រាយ​នូវ​​ប្រភេទ​ដែក​ចម្រុះ និង​គ្រឿង​សម្ភារៈ​សំណង់​ផ្សេងៗ។ លុះដល់​ឆ្នាំ២០០២ អ្នកឧកញ៉ា តែ អុីឆែ ​​បាន​បង្កើត​ជា​ក្រុមហ៊ុន អ៊ីឆែ អាហរ័ណ នីហរ័ណ ដែល​ផ្គត់ផ្គង់​គ្រឿង​សំណង់​ច្រើន​ប្រភេទ។ បន្ទាប់​មក​ នៅ​ឆ្នាំ​២០១២ ក្រុមហ៊ុន​បាន​អភិវឌ្ឍ​ទៅ​ជា ក្រុមហ៊ុន អុីឆែ គ្រុប ដែល​មាន​​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​គុណភាព​ខ្ពស់​គ្រប់ប្រភេទ។

សមាគមអ្នកសាងសង់កម្ពុជា (CCA) សម្រាប់​អាណត្តិទី៦ (២០២៦-២០២៨)​​ មានសមាសភាព​​ថ្នាក់ដឹកនាំ​ថ្មី​​​ចំនួន ១១រូប ក្នុងនោះ ឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានជាប់ជាប្រធានសមាគម។

សូមជម្រាបថា សមាគមអ្នកសាងសង់កម្ពុជា ត្រូវបានបង្កើតឡើង​​ក្រោម​ការផ្តួចផ្តើមដោយ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក​អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ហើយ​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ ជាផ្លូវការ​ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១។ សមាគមនេះ​បង្កើតឡើងមានចក្ខុវិស័យធំៗចំនួន៣ គឺ៖ ១)ប្រែក្លាយ​ឧស្សាហកម្មសំណង់​របស់ជាតិ ជាឧស្សាហកម្ម​ប្រកបដោយ​ទំនុកចិត្ត ផលិតភាព គណនេយ្យភាព និង​ការប្រកួត​ប្រជែង ទាំង​ក្នុង​ទីផ្សារជាតិ និង​អន្តរជាតិ, ២)ធ្វើឱ្យ​សមាជិកទាំងអស់​របស់​សមាគម​ក្លាយជា​​អ្នកសាងសង់​មាន​លំដាប់ស្តង់ដា​ខ្ពស់ និង​ចំណាត់ថ្នាក់​លំដាប់​អន្តរជាតិ និង ៣)ជាអង្គការ​ជួយ​សម្របសម្រួល​ទំនាក់ទំនង​រវាង​រាជ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​សំណង់ ដើម្បី​ផ្តល់នូវ​ផលប្រយោជន៍ ដល់ឧស្សាហកម្ម​សំណង់៕