អ្នកឧកញ៉ា ឃុន សៀ នាយកក្រុមហ៊ុន ឃុន សៀ ឌីវេឡុបមេន គ្រុប (Khun Sea Development Group Co., Ltd) បានចូលជា សមាជិក នៃសមាគមអ្នកសាងសង់កម្ពុជា។ នេះបើតាមការបង្ហាញឱ្យដឹងពីទំព័រហ្វេសប៊ុកផ្លូវការរបស់សមាគមអ្នកសាងសង់កម្ពុជា កាលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦។

ក្រុមហ៊ុន ឃុន សៀ ឌីវេឡុបមេន គ្រុប របស់អ្នកឧកញ៉ា ឃុន សៀ ត្រូវបានគេដឹងថា ជាក្រុមហ៊ុនអភិវឌ្ឍន៍លើគម្រោងធំៗជាច្រើន ដូចជា សាងសង់ទីកក្រុងមេគង្គ ឃី (Mekong Quay City) ស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្តាល, ការបង្កើតទីក្រុងរណប ទីតាំងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ និងតំបន់ទេសចរណ៍ជាច្រើនទីតាំងផ្សេងទៀត។
សូមជម្រាបថា សមាគមអ្នកសាងសង់កម្ពុជា ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ហើយបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១។ សមាគមនេះបង្កើតឡើងមានចក្ខុវិស័យធំៗចំនួន៣ គឺ៖ ១)ប្រែក្លាយឧស្សាហកម្មសំណង់របស់ជាតិ ជាឧស្សាហកម្មប្រកបដោយទំនុកចិត្ត ផលិតភាព គណនេយ្យភាព និងការប្រកួតប្រជែង ទាំងក្នុងទីផ្សារជាតិ និងអន្តរជាតិ, ២)ធ្វើឱ្យសមាជិកទាំងអស់របស់សមាគមក្លាយជាអ្នកសាងសង់មានលំដាប់ស្តង់ដាខ្ពស់ និងចំណាត់ថ្នាក់លំដាប់អន្តរជាតិ និង ៣)ជាអង្គការជួយសម្របសម្រួលទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជនក្នុងវិស័យសំណង់ ដើម្បីផ្តល់នូវផលប្រយោជន៍ ដល់ឧស្សាហកម្មសំណង់។
សមាគមអ្នកសាងសង់កម្ពុជា (CCA) សម្រាប់អាណត្តិទី៦ (២០២៦-២០២៨) មានសមាសភាពថ្នាក់ដឹកនាំថ្មីចំនួន ១១រូប ក្នុងនោះ ឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានជាប់ជាប្រធានសមាគម។




