អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប និងជាសហស្ថាបនិកក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) យល់ឃើញថា រាល់ថ្ងៃនេះរាជរដ្ឋាភិបាលលោកខំប្រឹងដើម្បីប្រទេសជាតិ ដៃម្ខាងខិតខំអភិវឌ្ឍន៍ប្រទេស ដៃម្ខាងទៀតខិតខំទប់ទល់ជាមួយសត្រូវឈ្លានពាន ពលរដ្ឋមួយនគរគាំទ្ររាជរដ្ឋាភិបាល ប៉ុន្តែមានបុគ្គលប្រឆាំងមួយចំនួនបែរជាព្យាយាមបន្ទុចបង្អាក់រហូត ហាក់ដូចជាមិនចង់ឱ្យប្រទេសជាតិរីកចម្រើន។

តាមរយៈសារលើបណ្តាញសង្គម នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា ទៀ វិចិត្រ បានបន្តថា និយាយពីការអភិវឌ្ឍន៍ប្រទេសជាតិវិញ ក្រុមប្រឆាំងខ្លះលូកទាស់ធ្វើខ្លួនដូចជាបណ្ឌិត ជាអ្នកចេះដឹងខុសទំនង ដូចជាមិនចង់ឲ្យប្រទេសជាតិរីកចម្រើន នៅពេលរាជរដ្ឋាភិបាលលោកសម្រេចកិច្ចការទៅលើការវិនិយោគនានា ក្នុងនោះក៍មានគម្រោងអភិវឌ្ឍន៌លើវិស័យទេសចរណ៍ខ្លះ ដែលរាជរដ្ឋាភិបាលជំរុញឲ្យមានការវិនិយោគពីខាងវិស័យឯកជនផងនោះ ក៏ត្រូវបានក្រុមអ្នកទាស់លើកយកមកជជែក មកសរសេរតាមបណ្តាញសង្គមរិះគន់ ជាន់ពន្លិច និយាយខុសពីការពិតក៏មានដែរ។
អ្នកឧកញ៉ា បានបន្ថែមថា គួរក្រឡេកទៅមើលឲ្យបានគ្រប់ជ្រុងជ្រោយរឿងប្រទេសជាតិ មិនគួរយករឿងខឹង ស្អប់ ធ្វើជាលេសដើម្បីនិយាយ ដើម្បីសរសេរ បន្តុះ បង្អាប់ ដែលគ្មានបានផលសូម្បីតែបន្តិចសម្រាប់ប្រទេសជាតិឡើយ។ យ៉ាងណាក៏ដោយ បុរាណលោកពោលថា «ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ» ជាក់ស្តែងប្រសិនបើដូចអ្វីដែលក្រុមប្រឆាំងមួយចំនួនស្រែករាប់ឆ្នាំមកនេះ ប្រាកដណាស់ថា កម្ពុជាយើងនឹងមិនមានអ្វីៗដូចបច្ចុប្បន្ន ដូចជារោងចក្រ សហគ្រាស ហេដ្ឋារចនាសម្ពន្ធ័សាធារណៈគ្រប់វិសយ័ បង្កើតឱកាសឲ្យពលរដ្ឋមានមុខរបរ មានជីវភាពកាន់តែប្រសើរឡើង ឬអាចនិយាយបានថា អ្នកថាបានតែថា ប៉ុន្តែអ្នកធ្វើនឹងបានទទួលផល។
សូមជម្រាបថា កាលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ មានគណនីហ្វេសប៊ុកឈ្មោះ Sarath Sun បានបង្ហោះរូបភាព និងសារលើបណ្តាញសង្គមហ្វេសប៊ុកថា «រដ្ឋាភិបាលកម្ពុជាធ្វើអនុប្បយោគ (ផ្ទេរសិទ្ធិពីសម្បត្តិរដ្ឋលក់ឱ្យក្រុមហ៊ុនឯកជន) កោះចំនួនពីរ គឺកោះមួយ នៅព្រះសីហនុ និងកោះគី នៅកំពត ឱ្យទៅក្រុមហ៊ុន GTVC Import Export Co., Ltd របស់អ្នកឧកញ៉ា ទៀត វិចិត្រ។ លើពិភពលោកនេះ គ្មានប្រទេសណាមួយដែលមេដឹកនាំមានសិទ្ធិលក់សម្បត្តិរដ្ឋឱ្យក្រុមហ៊ុនឯកជនទេ តែកម្ពុជាមាន»។ ទោះយ៉ាងណា សារនេះ ត្រូវបានអ្នកឧកញ៉ា ទៀ វិចិត្រ បដិសេធទាំងស្រុង៕



