ផ្ទុះការចាប់អារម្មណ៍! អ្នកឧកញ៉ា ម៉ុង ឫទ្ធី រំឭកអនុស្សាវរីយ៍ប្រវត្តិកសាងផ្លូវ «ម៉ុង​ ឬទ្ធី» នៅរាជធានីភ្នំពេញ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានរំឭកអនុស្សាវរីយ៍​ប្រវត្តិកសាងផ្លូវ «ម៉ុង​ ឬទ្ធី» នៅរាជធានីភ្នំពេញ កាលឆ្នាំ២០០៨ ដែលធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង​នៅ​លើ​បណ្តាញសង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុក អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងថា៖ “ថ្ងៃនេះ​ខ្ញុំ​សរសេរ​ប្រវត្តិ​ វិថី​បណ្ឌិត​ ម៉ុង​ ឬទ្ធី​ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុង​ រាជធានី​ភ្នំពេញ​ ដើម្បី​អោយ​ប្រិយមិត្តយើង​ដែលបាន​ធ្វើ​ដំណើរ​ឆ្លងកាត់ និង​ប្រកប​អាជីវកម្ម​អាស្រ័យ​ផលតាមបណ្តោយផ្លូវនេះ ព្រមទាំង​កូនចៅ​ជំនាន់ក្រោយៗបានដឹង​ផង​ដែរ”។

អ្នកឧកញ៉ា បន្តថានៅក្នុង​ឆ្នាំ​១៩៩៨​ ខ្មែរ​ក្រហម​បាន​យល់ព្រម​ធ្វើ​សមាហរណកម្ម​ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​បិតបញ្ចប់​សង្គ្រាម​បង្ហូរ​ឈាមកាប់សម្លាប់​ខ្មែរ​គ្នាឯង​ ១៩៧០-១៩៩៨ រយៈពេល២៨ឆ្នាំនៃ​សង្គ្រាម។ ​នៅ​ពេល​ស្រុកមាន​សង្គ្រាម​មិនបាន​កសាង​អភិវឌ្ឍន៍​អ្វី​នោះទេ​ គឺយើង​ជាប់ដៃតែការពារ​ជាតិជា​ចម្បង​។ ដោយសង្កេត​ឃើញ​ជាក់ស្តែងពី​មហន្ដរាយនៃ​សង្គ្រាម​ ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ស្ពាន​ សាលារៀន​ មន្ទីរពេទ្យ​ វត្ត​អារាម​ លំនៅឋាន​ត្រូវបានខូចខាត​ស្ទើរតែ​ទាំងអស់។​

«ខ្ញុំបាន​ចូលរួម​ចំណែក​កសាង​អភិវឌ្ឍន៍​ឡើងវិញ​ជាច្រើន​ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ និយាយ​ដោយឡែក​ខ្ញុំ​បាន​ចាប់ផ្តើម​ជួយ​សាងសង់​ វិថី​បណ្ឌិត​ ម៉ុង​ ឬទ្ធី​ ក្នុង​ឆ្នាំ​២០០៨ ហើយរួចរាល់​បើក​ឱ្យ​ដំណើរការ​ប្រើប្រាស់​ក្នុងឆ្នាំ​២០០៩ ដូចមាន​ភ្ជាប់​មក​ជាមួយនូវរូបថត​ចាស់ៗ​នេះស្រាប់​។ ខ្ញុំ​សរសេរ​នេះគ្មានគោល​បំណងរំលើកយក​គុណស្រ័យ​អីទេ​ បើមាន​បងប្អូន​កូន​ក្មួយណា​ដឹងគុណ​ក៏បាន​ បើ​រមើលគុណ​ក៏មិនអីទេ​»។ អ្នកឧកញ៉ា បានគូស​បញ្ជាក់បន្ថែម។

ក្រោយការបង្ហោះសាររបស់អ្នកឧកញ៉ាខាងលើនេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនចាប់អារម្មណ៍ និង​បញ្ចេញមតិជាការដឹងគុណ។ ក្នុងនោះដែរ គណនីហ្វេសប៊ុកមួយលើកឡើងថា «សូមគោរពអរគុណ និងដឹង​គុណលោកពូ ដែលបានជួយក៏សាងផ្លូវមួយខ្សែនេះ កាលនោះផ្លូវពិបាកធ្វើដំណើរណាស់»។ គណនីមួយទៀត ក៏បានលើកឡើងផងដែរថា «ខ្ញុំជិះធ្វើការរាល់ថ្ងៃ​ សូមអរគុណ​លោកពូ​ ខ្ញុំហៅតែផ្លូវម៉ុងឫទ្ធី»។

សូមជម្រាបថា វិថីឧកញ៉ា ម៉ុង ឬទ្ធី ជាវិថីមួយខ្សែចាប់ផ្តើមពីរង្វង់មូលកាំកូស៊ីធី ឆ្លងកាត់មហាមិត្តភាព​កម្ពុជា-វៀតណាម (ផ្លូវហាណូយ) កាត់ផ្សារបឹងបៃតង ហើយ​ទៅភ្ជាប់ត្រឹមវិថីឧកញ៉ា ទ្រី ហេង។ ​បច្ចុប្បន្ន​នេះ វិថីមួយ​ខ្សែនេះ ត្រូវបានអាជ្ញាធរសង់ផ្លូវបេតុងបន្ត​ទម្លុះមករហូតដល់បុរី​ពិភព​ថ្មី​​សែនសុខ៕