អ្នកឧកញ៉ា គិត ម៉េង ជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា ដើម្បីជំរុញការវិនិយោគ ពាណិជ្ជកម្ម និងតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-អារ៉ាប៊ីសាអូឌីត

ជុំវិញ​ឧកញ៉ា

នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុម​ប្រឹក្សា​ពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រ​អារ៉ាប៊ីសាអូឌីត ដែលបានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថា្នក់ដឹកនាំជាន់ខ្ពស់នៃក្រសួងទេសចរណ៍។

បើតាមសភាពាណិជ្ជកម្មកម្ពុជា នាឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះគណៈប្រតិភូ​ចំពោះ​ការបង្ហាញចំណាប់អារម្មណ៍ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ អ្នកឧកញ៉ា បានថ្លែងអំណរគុណ​យ៉ាងជ្រាល​ជ្រៅដល់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលជួយសម្របសម្រួលឱ្យមាន​ជំនួប​ពិភាក្សា​ការងារនាពេលនេះ។

អ្នកឧកញ៉ា បានបង្ហាញអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្នគឺជាកាលានុវត្តដ៏សមស្របសម្រាប់ជំរុញកិច្ច​សហប្រត្តិបការធុរកិច្ចនៃប្រទេសទាំងពីរ។ ក្នុងន័យនេះ អ្នកឧកញ៉ា ជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគទ្វេភាគី និងពង្រឹងភាពជាដៃគូយូរអង្វែងដែល​ផ្តល់ផល​ប្រយោជន៍​ឱ្យគ្នាទៅវិញទៅមក។

ជាការឆ្លើយតប ឯកឧត្តម Waleed Nasser Alsheri បានថ្លែងអំណរគុណយ៉ាងជ្រៅចំពោះ ឯកឧត្តម ហួត ហាក់ និងអ្នកឧកញ៉ា គិត ម៉េង ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូ បានចូលជួបពិភាក្សាការងារនាពេលនេះ។ ឯកឧត្តម បានកត់សម្គាល់ពីភាពរីកចម្រើននៃវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងជម្រាបជូនអំពីគម្រោង​វិនិយោគ និងការពង្រីកវិសាលភាពពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុម​ប្រឹក្សា​ធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

ឯកឧត្តម ក៏បានយល់ស្រប ពីការហោះហើរត្រង់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត នឹងជួយជំរុញពាណិជ្ជកម្ម និងកិច្ច​សហប្រតិបត្តិការវិនិយោគនៃប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានលើកឡើងថាកិច្ចពិភាក្សាការងារនាថ្ងៃនេះ គឺជាចំនុចចាប់ផ្តើមនៃ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

នាឱកាសនោះផង ឯកឧត្តម ហួត ហាក់ បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួល​ជំនួបពិភាក្សាការងារ ជាមួយនឹងគណៈប្រតិភូរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ឯកឧត្តម បានជម្រាបជូន​គណៈប្រតិភូអំពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ គោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេស ក៏ដូចជាសក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិរបស់កម្ពុជា ដែលប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍​មានសុវត្ថិភាព មានភាពទាក់ទាញ និងមានភាពសម្បូរបែប។ ឯកឧត្តម ក៏បានឡើង សភាពាណិជ្ជកម្មកម្ពុជា គឺច្រកសម្រាប់ការស្វែងរកដៃគូរវិនិយោគនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

លទ្ធផលនៃជំនួបនេះ ដោយភាគីទាំងពីរ បានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​លើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ រវាងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងព្រះរាជាណា​ចក្រកម្ពុជា ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវិស័យឯកជននៃប្រទេសទាំងពីរ៕