ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍» ប្រគេនដល់ព្រះសង្ឃ និងសប្បុរសជនចំនួន ៧៨ រូប កាលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ រួមទាំង ឧកញ៉ា សាង អ៊ាប។

ឧកញ៉ា សាង អ៊ាប ជាអ្នកជំនួញមួយរូប ដែលតែងជួយបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាច្រើនជួយដល់សង្គម តាមរយៈរាជរដ្ឋាភិបាលកម្ពុជា។ លោកឧកញ៉ា ជាប្រធានគណៈកម្មការអភិវឌ្ឍសេដ្ឋកិចក្រៅប្រព័ន្ឋ រាជធានី-ខេត្ត និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ឋភាពកសិកម្ម ជលផល ធនធានទឹក និងបរិស្ថានកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុន PSK2005 Cambodia Co.,Ltd។
សូមជម្រាបថា មេដាយ «ព្រះរាជាណាចក្រកម្ពុជា» ជាគ្រឿងឥស្សរិយយសប្រភេទមាតុប្រទេស ដែលមានចំនួន ៥ថ្នាក់ ខណៈដែលថ្នាក់មហាសេរីវឌ្ឍន៍ ជាថ្នាក់ខ្ពស់ជាងគេបំផុត។ មេដាយ «ព្រះរាជាណាចក្រកម្ពុជា» សម្រាប់បំពាក់ជូនចំពោះវរជនដែលមានគុណដ៏ឧត្តុងឧត្តមក្នុងការបម្រើមាតុប្រទេស ហើយត្រូវបានប្រទានដោយព្រះមហាក្សត្រ៕




