ក្រុមហ៊ុន HGB Auto របស់ឧកញ៉ា ង៉ូវ លាងហ៊ួត ប្រកាសទុកពេល១ខែដល់ភ្នាក់ងារលក់ដែលមិនមានសិទ្ធិ​អនុញ្ញាត ឱ្យបញ្ឈប់ជាបន្ទាន់នូវការនាំចូលរថយន្តម៉ាក MAZDA

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន អេចជីប៊ី អូតូ (HGB Auto) របស់ឧកញ៉ា ង៉ូវ លាងហ៊ួត នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បាន​ចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ និងជាអ្នកតំណាងចែកចាយជាផ្លូវការ (Official Authorized Distributor) ពីក្រុមហ៊ុន Mazda ប្រទេសជប៉ុន Mazda Motor Corporation ប្រចាំព្រះរាជាណា​ចក្រកម្ពុជា ក្រុមហ៊ុនមានសិទ្ធិពេញលេញតាមផ្លូវច្បាប់ក្នុងការនាំចូល ចែកចាយ និងផ្តល់សេវាកម្មក្រោយការលក់​សម្រាប់រថយន្ត Mazda គ្រប់ស៊េរី រួមបញ្ចូលទាំងវត្តមាននៃរថយន្តអគ្គិសនី (EV) ជំនាន់ថ្មី ដែលជានវានុវត្តន៍​ចុងក្រោយបង្អស់របស់ Mazda។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មាន បន្ថែមថា រាល់ប្រតិបត្តិការលក់ និងចែកចាយរថយន្ត MAZDA ដែលធ្វើឡើងតាម​រយៈ​ក្រុមហ៊ុនអេចជីប៊ី អូតូ គឺជាការអនុវត្តស្របតាមកិច្ចសន្យាផ្តាច់មុខ និងបទប្បញ្ញត្តិស្តីពីការនាំចូលរថយន្តថ្មី​មកកាន់ទីផ្សារកម្ពុជា ព្រមទាំងត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួពាណិជ្ជកម្ម តាមរយៈលិខិតកត់ត្រា​ជាផ្លូវការ​ចុះថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០២៥ និង ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ការណ៍នេះធានាបានថា អតិថិជននឹងទទួលបាននូវផលិតផលដែលមានប្រភពច្បាស់លាស់ និងស្របតាមស្តង់ដារ​បច្ចេកទេស​ពីរោងចក្រមេ ដែលរថយន្តដែលត្រូវបានត្រួតពិនិត្យតាមស្តង់ដារបានល្អិតល្អន់ ធានាបាននូវសុវត្ថិភាព និងសុខុមាលភាពខ្ពស់ជូនដល់អ្នកប្រើប្រាស់។

យ៉ាងណាមិញ ដើម្បីជាការឆ្លើយតបទៅនឹងការចរាចរណ៍លក់នូវរថយន្ត ដែលមិនទាន់ទទួលបានការអនុញ្ញាត​ឲ្យនាំចូលចែកចាយជូនទៅដល់អតិថិជនប្រើប្រាស់ នាពេលថ្មីៗនេះ តាមរយៈភ្នាក់ងារលក់ដែលមិនទទួលបានសិទ្ធិ​អនុញ្ញាតស្របច្បាប់ ក្រុមហ៊ុនសូមប្រកាសឲ្យបញ្ឈប់ជាបន្ទាន់នូវទង្វើមិនស្របច្បាប់នេះ មិនឲ្យលើសពីមួយខែ​ចាប់ពីពេលជូនដំណឹងនេះទៅ។ បើមិនដូច្នេះទេ ក្រុមហ៊ុននឹងរក្សាសិទ្ធិអនុវត្តទៅតាមផ្លូវច្បាប់​ចំពោះភ្នាក់ងារ​លក់រថយន្ត Mazda ដែលគ្មានការអនុញ្ញាតទាំងនោះ ក្នុងន័យដើម្បីចូលរួមការពារទៅលើសុវត្ថិភាព​របស់អតិថិជន​របស់យីហោ MAZDA ជាចម្បង ជៀសវាងការប្រើប្រាស់ចំរថយន្តដែលគ្មានស្តង់ដារអនុញ្ញាតត្រឹមត្រូវ៕