ឧកញ៉ា ស៊ិន ចន្ធី តំណាងអ្នកឧកញ៉ា គិត ម៉េង ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “យុទ្ធសាស្រ្តជាតិ​អភិវឌ្ឍន៍វិស័យសហគ្រាសធុនមីក្រូ តូច​ និងមធ្យម ឆ្នាំ២០២៦–២០៣០” លើកទី២

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋារគារសុខា រ៉េស៊ីដិន, ឧកញ៉ា ស៊ិន ចន្ធី តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់​យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជាពាក់ព័ន្ធ អញ្ជើញ​ចូលរួម​ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “យុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វិស័យសហគ្រាសធុនមីក្រូ តូច​ និងមធ្យម” លើកទី២ ក្រោមអធីបតីភាព ឯកឧត្តម ហែ​ម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វិស័យសហគ្រាសធុនមីក្រូ តូច​ និងមធ្យម មានគោលបំណងដើម្បីលើកកម្ពស់សមត្ថភាព និងភាពធន់របស់ សហគ្រាសធុនមីក្រូ តូច​ និងមធ្យម ឱ្យក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ ដែលនឹងនាំ​មកនូវវិបុលភាព និងវឌ្ឍនភាពសង្គម។

យុទ្ធសាស្រ្តជាតិនេះ មានគោលដៅចំនួន ៣ ដូចជា៖ ទី១. ការអភិវឌ្ឍសមត្ថភាពស្ថាប័នសាធារណៈ ដើម្បីជ្រោម​ជ្រែង និងគាំទ្រដល់ សហគ្រាសធុនមីក្រូ តូច​ និងមធ្យម, ទី២. ការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាព ផលិតភាព និងភាពប្រកួតប្រជែង របស់ សហគ្រាសធុនមីក្រូ តូច​ និងមធ្យម និង ទី៣. ដោះស្រាយនូវឧបសគ្គ ដែលរារាំង​ដល់ការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច​ និងមធ្យម។

សូមជម្រាបថា យុទ្ធសាស្ត្រជាតិនេះមានចក្ខុវិស័យ ពង្រឹង និងពង្រីកការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម​កម្ពុជា ឱ្យក្លាយជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ចជាតិ សម្រាប់ការចាកចេញពី​ចំណាត់​ថ្នាក់​ប្រទេសមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ ដោយជោគជ័យ៕