នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និង FASMEC បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល អញ្ជើញចូលជួបសម្ដែងការគួសម និងរាយការណ៍សកម្មភាពការងាររបស់សមាគមជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

នៅក្នុងឱកាសនោះ លោកឧកញ៉ាប្រធានសមាគម បានលើកឡើងដោយសម្ដែងនូវការអរគុណយ៉ាងក្រៃលែងចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបលោកនិងប្រតិភូទាំងអស់ បានចូលជួបសម្តែងការគួរសម។ លោកឧកញ៉ា ក៏បានជម្រាបឯកឧត្តមឧបនាយករដ្ឋមន្ត្រី នូវរបាយការណ៍ដែលជាសកម្មភាពក៏ដូចជាសមិទ្ធផល ដែលសមាគមបានសម្រេចនាពេលកន្លងមក។
លោកឧកញ៉ា តែ តាំងប៉ បានគូសបញ្ជាក់ថា កន្លងមក សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋាភិបាល ដែលមានការតាំងពិព័រណ៍នូវផលិតផលរបស់សហគ្រាសធុនតូច និងមធ្យម ហើយនៅក្នុងឱកាសនោះ ក៏មានសកម្មភាពសំខាន់ដែលសមាគមបានធ្វើ ដូចជាការបណ្ដុះបណ្ដាលនៅទូទាំង២៥ខេត្តក្រុង គឺការបណ្ដុះបណ្ដាលសហគ្រាសខ្នាតតូច និងមធ្យម អំពីការគ្រប់គ្រងធនធានមនុស្ស និងការគ្រប់គ្រងអាជីវកម្ម។ ជាពិសេសគឺការបណ្ដុះបណ្ដាល ដើម្បីឲ្យសហគ្រាសធុនតូច និងមធ្យមអាចមានលទ្ធភាពទទួលបានកម្ចី នៅក្នុងការអភិវឌ្ឍន៍បន្ថែមនៅសហគ្រាសក៏ដូចជាអាជីវកម្មរបស់ខ្លួនផងដែរ៕









