អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ ដឹកនាំក្រុមការងារក្រុមហ៊ុន វិរៈ ប៊ុនថាំ ចូលជួបរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ពិភាក្សាការពង្រីកអាជីវកម្មចូលក្នុងឧស្សាហកម្មអាហារ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំ​ក្រុមការងារចូលជួប ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិភាក្សាអំពីការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន ចូលក្នុងឧស្សាហកម្មផលិតអាហារ ជាទំនិញយុទ្ធសាស្ត្រ និងការបង្កើតបណ្តុំសហគ្រាសធុនតូចនិងមធ្យម សំដៅពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន វិរៈ ប៊ុនថាំ បានចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ២០០៤ លើសេវាដឹកជញ្ជូនអ្នកដំណើរ មុននឹងពង្រីក ទៅសេវាដឹកជញ្ជូនទំនិញ ដោយបច្ចុប្បន្ន មានបណ្តាញដឹកជញ្ជូនទូទាំងប្រទេស មានសាខាជាង ១,៣០០កន្លែងនៅកម្ពុជា និងសាខានៅបរទេស ដូចជាប្រទេសឡាវ វៀតណាម និងចិន ហើយក៏មាន ផែនការពង្រីកទៅកាន់សហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី។

សូមជម្រាបថា ថ្មីៗនេះ អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ បានប្រកាសដាក់ចេញផែនការអាជីវកម្មចំនួន ១៤ ក្នុងឆ្នាំ២០២៦នេះ ក្នុងនោះរួមទាំង ការសម្ពោធរោងចក្រផលិតម្ហូបអាហារចម្រុះ វិរៈ ប៊ុនថាំ (វិរៈ ប៊ុនថាំ ហ្វ៊ូដ – Vireak Buntham Food) ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងត្រៀមនាំចេញទៅក្រៅប្រទេសផងដែរ៕