នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” ផ្នែកឯកជន និង ឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ “ឈ” “ផ្នែកស្រួវ អង្ករ” ផ្នែកឯកជន រួមនឹងសមាជិកសភាពាណិជ្ជកម្មកម្ពុជាពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងកម្មវិធី «វេទិកាកសិកម្មកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានក្រុមការងារ “ក” និង ក្រុមការងារ “ឈ” តំណាងផ្នែករដ្ឋាភិបាល។

កម្មវិធីនេះក៏មានការចូលរួមផងដែរពី អ្នកឧកញ៉ា ហ៊ុន ឡាក់, ឧកញ៉ា ណាង សុធី, ឧកញ៉ា តែ តាំងប៉, ឧកញ៉ា លូ ម៉េង, ឧកញ៉ា ស៊ិន ចន្ធី និងឧកញ៉ា ឡាយ ឈុនហួ។
សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កម្មវិធីនេះមានគោលបំណង ដើម្បីពិគ្រោះ ពិភាក្សា និងរួមគ្នាដោះស្រាយ និងត្រៀមវិធានការសម្រាប់ជំរុញ និងគាំទ្រដល់វិស័យកសិកម្មកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្មផងដែរ។
សូមជម្រាបជូនថា ក្នុងឆ្នាំ ២០២៥ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៦.១% (គិតជាតម្លៃបច្ចុប្បន្ន) ក្នុងផលិតផលសរុបក្នុងស្រុកដោយមានការផ្លាស់ប្តូរឆ្នាំគោល ២០០០ មកឆ្នាំ ២០១៤។ គិតជាតម្លៃថេរ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៣.៦% នៃផលិតផលសរុបក្នុងស្រុកឆ្នាំ ២០២៥។
បើទោះបីជាការចូលរួមចំណែករបស់វិស័យកសិកម្ម មានការប្រែប្រួលពីមួយឆ្នាំ ទៅមួយឆ្នាំយ៉ាងនេះក្តី តែតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) មានការកើនឡើងជារៀងរាល់ឆ្នាំពី ២០,៣៨០ ពាន់លានរៀល នៅឆ្នាំ ២០១៦ ដល់ ៣៣,១៤៩ ពាន់លានរៀល នៅឆ្នាំ ២០២៥ (គិតជាតម្លៃបច្ចុប្បន្ន)។ កម្មវិធី វេទិកាកសិកម្មកម្ពុជានេះ គឺជាវេទិកាលើកដំបូង ហើយក៏គ្រោងនឹងបន្តធ្វើឡើងជារៀងរាល់ឆ្នាំ៕










