អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានឧបត្ថម្ភធុងទឹកសុទ្ធចំនួន ២,០០០ធុង តម្លៃប្រមាណ ១១លានរៀល ជូនដល់កងកម្លាំងជួរមុខ នៅទិសប្រាសាទព្រះវិហារ សម្រាប់ប្រើប្រាស់តាមការចាំបាច់។

ការបរិច្ចាគឧបត្ថម្ភខាងលើនេះ ធ្វើឡើងតាមរយៈលោក ផែង វណ្ណៈ អគ្គនាយក Pheng Vannak News។ តាមរយៈបណ្តាញសង្គម លោក ផែង វណ្ណៈ បានបង្ហោះរូបភាព និងសារថ្លែងអំណរគុណបែបនេះថា៖ “សូមអរគុណអ្នកឧកញ៉ា ស៊ួ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ ដែលបានឧបត្ថម្ភធុងទឹកសុទ្ធចំណុះ ២០លីត្រ ចំនួន ២,០០០ ធុង មានតម្លៃសរុប ១១លានរៀល ជូនដល់កងកម្លាំងជួរមុខនៅទិសប្រាសាទព្រះវិហារ។ សូមជូនពរអ្នកឧកញ៉ា និង ក្រុមគ្រួសារ មានសុខភាពល្អ សុភមង្គល និង ទទួលបានជោគជ័យថែមទៀតក្នុងមុខជំនួញ”។
សូមជម្រាបថា ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនកម្ពុជា-ថៃ អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ និងលោកជំទាវ ប៊ុន ចន្ធូ បានជួយលើការងារសប្បុរធម៌ជាច្រើនដូចជា៖ ការបញ្ចេញរថយន្តទៅជួយទិញផ្លែល្ពៅពីកសិករខេត្តព្រះវិហារជិត ៣០០តោន, ការបញ្ចេញរថយន្តត្រជាក់ដឹកបន្លែពីសហគមន៍ទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ចំនួន ១៥តោន ទៅកាន់តំបន់មុំបី និងការបញ្ចេញរថយន្តរាប់សិបគ្រឿង ដើម្បីដឹកជញ្ជូនស្បៀង ដឹកជំនួយជូនកងទ័ព និងដឹកជញ្ជូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ ដោយឥតគិតថ្លៃ, ការនាំយកអំណោយទឹកដោះគោចំនួន ៥០០កេស និងអាហារខ្ចប់ចំនួនជាង ២៧០០ប្រអប់ ជូនដល់កងទ័ពជួរមុខកម្ពុជា និងជនភៀសសឹក នៅខេត្តព្រះវិហារ ផងដែរ៕



