អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាជាមួយប្រធានអង្គភាព ACU ដើម្បីត្រៀមចុះ MoU ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី ២០ខែសីហា ឆ្នាំ២០២៦ នៅអគារវីង ថោវើ (Wing Tower), អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងសភាពាណិជ្ជកម្មកម្ពុជា (ស.ព.ក.) បានរួមគ្នារៀបចំកិច្ចពិភាក្សាលើសេចក្តីព្រាង​អនុស្សរណៈ​នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ សំដៅលើកកម្ពស់បរិយាកាស​ធុរកិច្ចស្អាតស្អំ តម្លាភាព និងពង្រឹងទំនុកចិត្តវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំពិភាក្សាដ៏សំខាន់នេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កិត្តិនីតិកោសល​បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារ​ផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ), និងជាប្រធានក្រុមប្រឹក្សា​ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា (ASEAN BAC Cambodia) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ អ.ប.ព. និងតំណាងផ្នែកឯកជនជាច្រើនរូប។

សេចក្តីព្រាង MoU នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតយន្តការសហប្រតិបត្តិការផ្លូវការ រវាងផ្នែកឯកជន និងស្ថាប័នអនុវត្តច្បាប់ ដើម្បីទទប់ស្កាត់ បង្ការ និងរារាំងអំពើពុករលួយ ព្រមទាំងលុប​បំបាត់ការចំណាយក្រៅផ្លូវការ និងភាពរាំងស្ទះនានាក្នុងសកម្មភាពធុរកិច្ច។ តាមរយៈកិច្ចពិភាក្សានេះ ភាគីទាំងពីរ គ្រោងនឹងចុះហត្ថលេខាជាផ្លូវការនៅសប្តាហ៍ក្រោយនេះ។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា គោលបំណងដែលសភាពាណិជ្ជកម្មកម្ពុជា ចង់ចុះហត្ថលេខា​លើកិច្ចព្រមព្រៀងជាមួយអង្គភាពប្រឆាំងអំពើពុករលួយ គឺដោយសារតែមានការស្នើសុំពីអាជីវករ ពាណិជ្ជករ វិនិយោគិនជាតិ និងអន្តរជាតិជាច្រើន។ អ្នកឧកញ៉ា បានបញ្ជាក់ថា ពេលនេះ គឺជាពេលវេលាដ៏ល្អ និងសក្តិសម​ក្នុងការឈានទៅចុះកិច្ចព្រមព្រៀងជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីរួមចំណែកធ្វើឱ្យវិស័យ​ធុរកិច្ចនៅកម្ពុជាកាន់តែមានភាពរឹងមាំ រីកចម្រើន និងអាចទាក់ទាញការវិនិយោគថ្មីៗបានកាន់តែច្រើន។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបង្ហាញមោទនភាពចំពោះការចាប់ដៃគ្នាជាចំហរ រវាងអង្គភាព​ប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មកម្ពុជា ដែលជាស្ថាប័នតែមួយតំណាងឲ្យវិស័យឯកជននៅកម្ពុជា ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ និងបង្កើនទំនុកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការធ្វើធុរកិច្ច​នៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងរបបសេដ្ឋកិច្ចទីផ្សារសេរី វិស័យឯកជនដើរតួនាទី​យ៉ាងសំខាន់​ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះ កង្វល់ និងបញ្ហាប្រឈមរបស់វិស័យឯកជន ក៏ជាកង្វល់ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងរួមគ្នាស្វែងរក​ដំណោះស្រាយផងដែរ៕