អ្នកឧកញ៉ា ឧកញ៉ាៗ ចូលរួមកិច្ចប្រជុំក្រុមការងារ “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ជុំវិញ​ឧកញ៉ា

នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំក្រុមការងារ ក្រុម “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពដឹកនាំដោយសហប្រធានក្រុមការងារទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជន គឺ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារ “ឃ” តំណាងផ្នែករដ្ឋាភិបាល និង លោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល និងតំណាងក្រុមហ៊ុន សមាគមឯកជន ព្រមទាំងមានវត្តមាន អ្នកឧកញ៉ា លឹម ហេង, ឧកញ៉ា ងួន ម៉េងតិច និងឧកញ៉ា សំរិទ្ធ មុន្នី។ ការរៀបចំកិច្ចប្រជុំនេះមានគោលបំណង ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមដែលស្នើឡើងដោយផ្នែកឯកជន ក្នុងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច។ 

កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម របស់ផ្នែកឯកជនរួមមាន៖ ១.ការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មខុសច្បាប់ ដើម្បីការពារសេដ្ឋកិច្ច ប្រាក់ចំណូល និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា ២.ស្នើសុំកម្រៃសេវារបស់ភ្នាក់ងារធានារ៉ាប់រងគឺជាចំណូលមិនជាប់អាករ ៣.ការប្រមូលពន្ធលើការនាំចេញទង់ដែង ៤.បញ្ហានៃការលក់ក្រៅព្រំដែន ៥.បញ្ហាពន្ធលើការផ្ទាំងផ្សព្វផ្សាយ ៦.បញ្ហានៃការបង់អាករលើតម្លៃបន្ថែម ៧.ការបង្កើតក្របខ័ណ្ឌដែលមានភាពច្បាស់លាស់ និងមានតម្លាភាពសម្រាប់ការប្រកាសផ្សាយនូវបទប្បញ្ញាត្តិ និងលិខិតបទដ្ឋានគតិយុត្ត ៨.ការបង្កើតស្ថាប័នជំនាញសម្រាប់ដោះស្រាយវិវាទលើបំណុលដែលមានកិច្ចធានា។

ជាលទ្ធផល កិច្ចប្រជុំបានធ្វើការពិនិត្យ ដោះស្រាយបាន ក៏ដូចជាបន្តតាមដាន និងធ្វើការជាមួយគ្នាបន្ថែមទៀតលើបញ្ហាប្រឈមមួយចំនួនខាងលើ។