ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ្វ៊ូដ របស់អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ កាលពីពេលថ្មីៗនេះ បានបង្ហាញនូវផលិតផលត្រីខខ្មែរម៉ាក «ត្រីខយើង» ដែលមានការវេចខ្ចប់ដោយម៉ាស៊ីនស្តង់ដាគុណភាពអនាម័យខ្ពស់ និងរស់ជាតិឈ្ងុយឆ្ងាញ់។

លោក ហេង ផាន អគ្គនាយក វិរៈ ប៊ុនថាំ ហ្វ៊ូដ បានថ្លែងប្រាប់ដល់ Oknha News ឱ្យដឹងថា ក្នុងអំឡុងពេលរោងចក្រកំពុងរៀបចំការសាងសង់ ដំណើរការ និងដំឡើងម៉ាស៊ីន ដូច្នេះក្រុមហ៊ុនបានផលិតនៅក្រៅប្រទេសបណ្តោះអាសន្នសិន។ ត្រីខយើង របស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ្វ៊ូដ មានលក្ខណៈពិសេសត្រង់ថា យើងបានវេចខ្ចប់ជា ៥កំប៉ុងៗ ដើម្បីឱ្យអ្នកលក់រាយមានភាពងាយស្រួល ហើយប្រជាជនក៏ងាយស្រួល អាចជាវម្តង ៥កំប៉ុង ព្រោះបើមួយយួរ ១០កំប៉ុង សម្រាប់អ្នកជនបទអាចនឹងច្រើនពេកសម្រាប់ការចំណាយរបស់ពួកគាត់”។
លោកអគ្គនាយក បានបន្តថា ចំពោះម៉ាស៊ីនផលិតត្រីខ វិរៈ ប៊ុនថាំ ហ្វ៊ូដ ជាម៉ាស៊ីនទំនើបដែលវេចខ្ចប់ស្រាប់ៗ ជាមួយស្តង់ដាអនាម័យខ្ពស់បំផុត មួយយួរមាន ៥កំប៉ុង និងមួយកេស មាន ៥០កំប៉ុង។ ពិសេស ការរចនាសម្បកកំប៉ុងមានភ្ជាប់ជាមួយឈ្មោះក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ្វ៊ូដ និងទង់ជាតិខ្មែរ និងមានបញ្ជាក់ថា ជាសមាជិកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប នៅផ្នែកខាងក្រោយ ដែលធ្វើឱ្យអ្នកបរិភោគកាន់តែមានទំនុកចិត្តបំផុត។
សូមជម្រាបថា ដោយមើលឃើញពីអំពីតម្រូវការ និងការផ្គត់ផ្គង់លើផលិតផលគ្រឿងឧបភោគបរិភោគក្នុងស្រុក ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប បានសម្រេចវិនិយោគ ដោយបង្កើតជាអាជីវកម្មថ្មីមួយបន្ថែមទៀតឈ្មោះ វិរៈ ប៊ុនថាំ ហ៊្វូដ ដែលផ្តោតលើការផលិត កែច្នៃ វេចខ្ចប់ និងចែកចាយផលិតផលម្ហូបអាហារចម្រុះ ទាំងក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ។ បច្ចុប្បន្ន និងផែនការផលិត ដែលមានផលិតផលដូចជា៖ ត្រីខកំប៉ុង ប៊ីចេង កាហ្វេ ម្សៅស៊ុប ដុំស៊ុប មីកញ្ចប់ ប្រេងឆា ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកប៉េងប៉ោះ ប្រេងខ្យង ប្រេងប៉ាវហ៊ឺ ទឹកដោះគោ គ្រាប់ស្វាយចន្ទី និងភេសជ្ជៈផ្សេងៗ។ល។
តាមរយៈបណ្តុំកសិឧស្សាហកម្មផលិតម្ហូបអាហារចម្រុះ (VET Processing Complex or VET SMEs Cluster) នេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ៊្វូដ នឹងអាចជួយលើកកម្ពស់ និងគាំទ្រ ដល់សិប្បកម្មក្នុងស្រុក ដើម្បីពង្រីកខ្លួន ពង្រឹងស្តង់ដា បង្កើនគុនភាព និងផលិតភាព ក្នុងការបំពេញតម្រូវការទាំងក្នុង និងក្រៅប្រទេស ហើយអាចជំនួសនូវផលិតផលនាំចូលមួយចំនួនធំពីប្រទេសជិតខាង ប្រកបដោយនីរន្តរៈភាពយូរអង្វែង។ មិនតែប៉ុណ្ណោះ តាមរយៈគម្រោងនេះ ក្រុមហ៊ុនរំពឹងថា នឹងអាចជួយបង្កើតការងារ ជូនប្រជាពលរដ្ឋក្នុងស្រុកបានរាប់រយពាន់នាក់ និងអាចចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនផលិតភាពជាតិ និងសេដ្ឋកិច្ចជាតិ៕







