នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់ សហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយតំណាងសភាពាណិជ្ជកម្មកម្ពុជាទីក្រុងអុកឡែន ដឹកនាំដោយ លោក ឃួយ ម៉ៃខល ប្រធានតំណាងសភាពាណិជ្ជកម្មកម្ពុជា ទីក្រុងអុកឡែនប្រចាំប្រទេសណូវែលហ្សេឡង់។

ពិធីចុះអនុស្សរណៈលើការយោគយល់នេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា គោលបំណងសំខាន់នៃការចុះអនុស្សរណៈយោគយល់នេះ គឺដើម្បីជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារណូវែលហ្សេឡង់ ព្រមទាំងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងផ្លាស់ប្ដូរព័ត៌មានទីផ្សារ និងផ្សារភ្ជាប់នូវទំនាក់ទំនងរវាងពាណិជ្ជករនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងផងដែរ។ នៅក្នុងនោះ ក៏មានការជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់បណ្ដាដែនកោះ ដែលស្ថិតនៅក្នុងតំបន់ជិត និងជុំវិញប្រទេសណូវែលហ្សេឡង់ផងដែរ។
គូសបញ្ជាក់ផងដែរថា សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមអាណាព្យាបាលបច្ចេកទេស និងការដឹកនាំពីក្រសួងពាណិជ្ជកម្មកម្ពុជា បានជំរុញការនាំចេញ និងធ្វើឱ្យអង្ករកម្ពុជាមានវត្តមាននៅក្នុងទីផ្សារកើនឡើងជាលំដាប់ រួមមានទីផ្សារប្រទេសណូវែលហ្សេឡង់ ដែលជាទីផ្សារមួយកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់សម្រាប់ការនាំចេញអង្ករកម្ពុជា ហើយជាក់ស្ដែង នៅក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសណូវែលហ្សេឡង់ បានចំនួន ៤ ៩៦២ តោន នៅក្នុងឆ្នាំ២០២៤ ចំនួន ៥ ០៧៧ តោន និងចំនួន ៥ ៣៣៥ តោន នៅក្នុងឆ្នាំ២០២៥៕






