អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម និងជាសហប្រធាននៃយន្ដការភាពដៃគូគយ-ផ្នែកឯកជន នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំ អ្នកឧកញ៉ា ឧកញ៉ាៗ ប្រតិភូសភាពាណិជ្ជកម្មជាច្រើនរូប ចូលរួមកិច្ចប្រជុំយន្ដការភាពជាដៃគូគយ-ផ្នែកឯកជន លើកទី១០ ដើម្បីពិភាក្សាពីចំណុចសំខាន់ៗចំនួន ៤ នៅទីស្តីការអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

កិច្ចប្រជុំរវាងស្ថាប័នរដ្ឋ និងវិស័យឯកជននេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម និងជាសហប្រធាននៃយន្ដការភាពដៃគូគយ-ផ្នែកឯកជន និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្ដការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រមទាំង អ្នកឧកញ៉ា ឧកញ៉ាៗ និងមន្ត្រីគយជាច្រើនរូប។
សូមជម្រាបថា កិច្ចប្រជុំនេះ មានការពិភាក្សានិងលើកឡើងអំពី ១.ការកែសម្រួលអត្រាពន្ធ និងអាករសម្រាប់ឆ្នាំ២០២៦, ២.ការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមលើផលិតផលតេលសិលា, ៣.សេចក្ដីព្រាងវិធានការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ចរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រាប់អនុវត្ដក្នុងឆ្នាំ២០២៦ និង ៤.ពិភាក្សាដោះស្រាយសំណើបញ្ហា ដែលលើកឡើងដោយផ្នែកឯកជន៕










