នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ានសម្រាប់កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អាមេត ហ្គើរបាណូវ (Ahmet Gurbanov) អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសតួកម៉េនីស្ថាន ក្នុងឱកាសដែល ឯកឧត្តម បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តម អាមេត ហ្គើរបាណូវ បានថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម និងគណៈប្រតិភូតួកម៉េនីស្ថាន។ ឯកឧត្តម បានបញ្ជាក់ពីបំណងប្រាថ្នាយ៉ាងមុតមាំរបស់ រដ្ឋាភិបាលតួកម៉េនីស្ថាន ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងស្វែងរក កាលានុវត្តភាពសេដ្ឋកិច្ចថ្មីៗ សម្រាប់ប្រទេសទាំងពីរ។
ឯកឧត្តម បានលើកឡើងពីឧត្តមភាពនៃធនធានធម្មជាតិដ៏សម្បូរបែបរបស់តួកម៉េនីស្ថាន ជាពិសេសក្នុងនាមជាប្រទេសដែលមានឧស្ម័នធម្មជាតិបម្រុងធំជាងគេមួយក្នុងពិភពលោក។ ឯកឧត្តម គូសបញ្ជាក់ពីបំណងចង់ឃើញកិច្ចសហប្រតិបត្តិការជាក់ស្តែងកើតឡើងតាមរយៈការផ្លាស់ប្តូរប្រតិភូធុរកិច្ច និងការសិក្សាលើការតភ្ជាប់ផ្លូវអាកាស ដើម្បីពង្រីកកាលានុវត្តភាពសេដ្ឋកិច្ចថ្មីៗសម្រាប់ប្រទេសទាំងពីរ។ ក្នុងន័យនេះ ឯកឧត្តម ស្នើឲ្យមានការចុះអនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តមអនុរដ្ឋមន្ត្រី។ អ្នកឧកញ៉ា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមនៃការចុះអនុស្សរណៈយោគយល់វាងសភាពាណិជ្ជកម្មប្រទេសទាំងពីរ ក៏ដូចជាការជំរុញជើងហោះហើរត្រង់មកកម្ពុជា ដើម្បីជំរុញ វិស័យទេសចរណ៍ និងកាត់បន្ថយគម្លាតទីផ្សារប្រទេសទាំងពីរ។ បន្ថែមពីលើនេះ អ្នកឧកញ៉ា ស្នើជំរុញការបង្កើតស្ថានទូតតួកម៉េនីស្ថាន នៅកម្ពុជា ដើម្បីជំរុញការវិនិយោគ និងធុរកិច្ចឱ្យកាន់តែជិតស្និទ្ធ។
អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា ទោះបីជាមានគម្លាតភូមិសាស្ត្រឆ្ងាយពីគ្នា ប៉ុន្តែស្មារតីនៃភាពជាដៃគូសេដ្ឋកិច្ច នឹងធ្វើឱ្យប្រទេសទាំងពីរខិតជិតគ្នា។ អ្នកឧកញ៉ា បានលើកឡើងពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និង បរិយាកាសធុរកិច្ចអំណោយផលសម្រាប់ធុរជន និង បានគូសបញ្ជាក់ពីវិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត រួមមាន៖
១) ទេសចរណ៍ និងការតភ្ជាប់៖ ជំរុញជើងហោះហើរត្រង់ និងអន្តរកម្មរវាងសហគ្រាសធុនតូច និងមធ្យម
២) កសិកម្ម និងសេដ្ឋកិច្ចឌីជីថល៖ តួកម៉េនីស្ថានអាចទាញយកអត្ថប្រយោជន៍ពីជំនាញរបស់កម្ពុជា លើការនាំចេញអង្ករ និងប្រព័ន្ធសេដ្ឋកិច្ចឌីជីថល។
៣) ថាមពលបៃតង៖ ការផ្លាស់ប្តូរបច្ចេកវិទ្យាលើវិស័យថាមពលកកើតឡើងវិញ និងការផលិតប្រកបដោយនិរន្តរភាព។













