មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបទចម្រៀងមួយបទរបស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ដ គឺបទ «ចង់បានប្រពន្ធខ្មែរ» ត្រូវបានក្លឹបបាល់ទាត់ដ៏ធំលើពិភពលោក inter ដែលមានអ្នកគាំទ្រលើហ្វេសប៊ុកផេកជិត៤០លាននាក់ និងនៅលើបណ្ដាញសង្គមតិកតុ ២០លាននាក់ យកទៅកាត់វីដេអូបង្ហោះផ្សាយនៅក្នុងផេកផ្លូវការរបស់ខ្លួន។ នេះជាមោទនភាពថ្មីមួយសម្រាប់បទចម្រៀងរបស់កម្ពុជាយើង ដែលទទួលបានការគាំទ្រខ្លាំងបែបនេះ។

អ្វីដែលកាន់តែពិសេសទៀតនោះ នៅក្នុងវីដេអូបង្ហាញសកម្មភាពទាត់បាល់យ៉ាងស្វិតស្វាញនៅលើទីលានអមដោយបទចម្រៀងរបស់ខ្មែរ, ក្លឹបបាល់ទាត់ inter ក៏បានសរសេរអក្សរខ្មែរនៅលើវីដេអូទៀតផង។ សម្រាប់ការយកបទចម្រៀងនេះ ទៅកាត់ដាក់ផ្សាយបង្ហាញដល់អ្នកគាំទ្រក្លឹបបាល់ទាត់ inter គឺជាជោគជ័យធំណាស់ សម្រាប់លោកឧកញ៉ា ខេមរៈ សិរីមន្ដ ផ្ទាល់ និងប្រជាជនកម្ពុជាទាំងមូល។
ថ្លែងប្រាប់គេហទំព័រឧកញ៉ាញូស៍ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឧកញ៉ា ខេមរៈ សិរីមន្ដ បានលើកឡើងថា « ខ្ញុំពិតជាមានក្តីរំភើបខ្លាំងណាស់ ព្រោះឥឡូវនេះបទចង់បានប្រពន្ធខ្មែរត្រូវបានក្លឹបបាល់ទាត់ពិភពលោក inter ប្រើផេកផ្លូវការមានអ្នក Follow រហូតដល់ 36M និង tik tok 20M។» លោកឧកញ៉ា បន្ថែមថា « នេះជាកិត្តិយសសម្រាប់ខ្ញុំនឹងប្រជាជនខ្មែរ»។
សូមជម្រាបជូនថា បទ«ចង់បានប្រពន្ធខ្មែរ» របស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ដ តាំងតែពីចេញផ្លូវការមក គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរ ទាំងក្នុងនិងក្រៅប្រទេស៕






