អ្នកឧកញ៉ា ម៉ុង ឫទ្ធី ដឹកនាំពិធីដាំដូងប្រេងជំនាន់ទី២ ឆ្នាំ២០២៦ លើផ្ទៃដី ៥៧៩ហិកតា នៅស្រុកព្រៃនប់

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប កាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចូលរួមពិធីដាំដូងប្រេងជំនាន់ទី២ ឆ្នាំ២០២៦ ជានិមិត្តរូប លើផ្ទៃដី ៥៧៩ហិកតា ស្មើនឹង ៩២,៦៤០ដើម នៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គម អ្នកឧកញ៉ាបានឱ្យដឹងថា វេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ក្នុងនាមជាប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ លោកបានដឹកនាំសមាជិក គណៈកម្មការ និងក្រុមមកចូលរួមពិធីដាំដូងប្រេងជំនាន់ទី២ ឆ្នាំ២០២៦ ជានិមិត្តរូប លើផ្ទៃដី ៥៧៩ហិកតា ស្មើនឹង ៩២,៦៤០ដើម នៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ១៥៨-១៧០ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ។

អ្នកឧកញ៉ា បានបន្តថា៖ មុនចាប់ផ្តេីមកម្មវិធី​ លោកក៏បានដឹកនាំគណៈប្រតិភូទស្សនាការបង្ហាញពីខ្សែសង្វាក់ផលិតកម្មនៃផ្លែដូងប្រេងចាប់តាំងពីការរេីសពូជ​ រហូតដល់ទិន្នផលសម្រេច។ បន្ទាប់មកបានដាំដូងប្រេងជានិមិត្តរូប​ និងមានមតិសំណេះសំណាលជាមួយកម្មករដូងប្រេង។ 

សូមរំលឹកដែរថា ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុន ដំណាំដូងប្រេងកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៦ ដោយមានពិធីសម្ពោធបើកការដ្ឋានជាផ្លូវការ ដាំដូងប្រេងជំនាន់ទី១ និងមានការដាំដូងប្រេងជានិមិត្តរូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៩៧៕