អ្នកឧកញ៉ា គិត ម៉េង ចែករំលែកគន្លឹះ ក្នុងការកសាងទ្រព្យសម្បត្តិពិតប្រាកដ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានចែករំលែកគន្លឹះ​ល្អៗ​មួយចំនួន ក្នុងការកសាងទ្រព្យសម្បត្តិពិតប្រាកដ ដោយប្រើប្រាស់ពេលវេលាសន្សឹមៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៩ ខែឧសភា អ្នកឧកញ៉ាបានលើកឡើងថា មនុស្សភាគច្រើនចង់​បានទ្រព្យសម្បត្តិឆាប់រហ័ស ប៉ុន្តែការពិត ទ្រព្យសម្បត្តិពិតប្រាកដមិនអាចរកបានក្នុងមួយពព្រិចភ្នែកនោះទេ។ ភោគទ្រព្យពិតប្រាកដត្រូវបានកសាងឡើងដោយភាពស្ងប់ស្ងាត់ ភាពជាប់លាប់ និងពេលវេលាបន្តិចម្តងៗ។

អ្នកគួរប្រើពេលវេលាឱ្យមានអត្ថប្រយោជន៍ ដែលមនុស្សដទៃមិនងាយមើលឃើញភ្លាម មិនមែនរំពឹងលើសំណាង ហើយក៏មិនប្រើវិធីផ្លូវកាត់នោះទេ គឺប្រើពេលវេលា។

១. បង្កើនប្រាក់ចំណូលរបស់អ្នកយឺតៗ។ អ្នកអាចចាប់ផ្តើមជាមួយនឹងប្រាក់ខែគោល។ អ្នកធ្វើឱ្យប្រសើរទ្បើង​នូវទំនាក់ទំនងរបស់អ្នក គំនិតរបស់អ្នក និងភាពជាអ្នកដឹកនាំរបស់អ្នក។ អ្នកធ្វើឱ្យជំនាញរបស់អ្នកប្រសើរ​ទ្បើងម្តងមួយៗ មិនមែនជំនាញទាំងអស់ក្នុងពេលតែមួយនោះទេ។ ក្នុងរយៈពេល៣ទៅ៥ឆ្នាំ សកម្មភាពប្រសើរ​ទ្បើង​បន្តិចម្តងៗទាំងនេះនឹងនាំឱ្យមានការដំទ្បើងមុខតំណែង និងប្រាក់ចំណូលខ្ពស់ជាងមុន។ សមិទ្ធផលនេះកើត​មានដោយសារការធ្វើឱ្យប្រសើរទ្បើងដោយភាពជាក់លាប់ និងមានស្ថិរភាព មិនមែនដោយសារព្រឹត្តិការណ៍សំណាង ឬអស្ចារ្យណាមួយនោះទេ។

២. ទិញរបស់របរមានអត្ថប្រយោជន៍ដល់អ្នក ជំនួសឱ្យរបស់របរមានតម្លៃ“ថ្លែខ្ពស់”

ជំនួសឱ្យការប្រញាប់ប្រញាល់ទិញរថយន្តប្រណីត អ្នកអាចវិនិយោគលើរបស់របរដែលជួយអ្នកឱ្យរកលុយបាន ដូចជា កុំព្យូទ័រយួរដៃល្អ វគ្គបណ្តុះបណ្តាល ទូរសព្ទដែលជួយអ្នកឱ្យធ្វើការបានលឿនជាងមុន។ របស់ទាំងនេះ​មើលទៅមិនឆើតឆាយនោះទេ ប៉ុន្តែយូរៗទៅ ឧបករណ៍ទាំងនេះជួយអ្នកឱ្យរកប្រាក់ចំណូលបានកាន់តែច្រើន។

៣. កសាងកេរ្តិ៍ឈ្មោះរបស់អ្នកឱ្យគេស្គាល់

ការចែករំលែកទស្សនៈមានតម្លៃរបស់អ្នកនៅលើបណ្តាញសង្គមរៀងរាល់សប្តាហ៍ មើលទៅហាក់ដូចជាតូចតាច ប៉ុន្តែមួយឆ្នាំក្រោយមក មនុស្សជាច្រើនអាចទុកចិត្តលើគំនិតរបស់អ្នក។ ពីរឆ្នាំក្រោយមកទៀត ឱកាសនឹងមក​ដល់​សម្រាប់អ្នក ដូចជា អតិថិជន ការអញ្ជើញអ្នកឱ្យធ្វើជាវាគ្មិន ភាពជាដៃគូ។ ការបង្ហាញឱ្យជាប់លាប់នូវទស្សនៈ ឬជំនាញរបស់អ្នកនឹងធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ ហើយចំណាប់អារម្មណ៍នេះ​ប្រែក្លាយទៅជាចំណូល​សម្រាប់អ្នក។

មនុស្សភាគច្រើនឱ្យតម្លៃខ្ពស់ពេកចំពោះអ្វីដែលពួកគេអាចសម្រេចបានក្នុងរយៈពេល១ឆ្នាំ ប៉ុន្តែមើលស្រាលអ្វីដែល​ពួកគេ​អាចបង្កើតបានក្នុងរយៈពេល១០ឆ្នាំ។ ដូច្នេះ សូមកុំប្រញាប់ប្រញាល់ កុំប្រៀបធៀប កុំភ័យស្លន់ស្លោ នៅពេលដែលវឌ្ឍនភាពរបស់អ្នកហាក់យឺតបន្តិច។

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់បន្ថែមថា សូមចាប់ផ្តើមសកម្មភាពតូចៗនៅពេលនេះ ដោយផ្តោតម្តងមួយៗ​លើជំនាញ ការវិនិយោគ និងការធ្វើអ្វីមួយឱ្យប្រសើរទ្បើង ពីព្រោះនៅពេលដែលអ្នកប្រើពេលវេលាបន្តិចម្តងៗ​ដើម្បីសម្រេចគោលដៅរបស់អ្នក ការខិតខំទាំងអស់របស់អ្នកនឹងផ្តល់ឱ្យអ្នកមកវិញនូវភោគទ្រព្យ៕