ឧកញ៉ាវេជ្ជបណ្ឌិត លឹម លីណា (Oknha Dr. Carolyne Pung) អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងជាអភិបាល របស់ធនាគារ កាណាឌីយ៉ា និង ឧកញ៉ា វ៉ាន់ ឆារស៍ បាននាំយកថវិកាចំនួន ១០០,០០០ដុល្លារអាមេរិក បរិច្ចាគក្នុង «យុទ្ធនាការ ១ម៉ឺនរៀល១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូល និធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញជាអធិបតី «ពិធីបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ «ពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា» និង «ពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគពីវិស័យឯកជន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា»។
លោកជំទាវបណ្ឌិត ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន បណ្តាវិស័យឯកជន ដៃគូពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលមានទឹកចិត្តសប្បុរសយ៉ាងធំធេង ចូលរួមគាំទ្រមូលនិធិគន្ធបុប្ផា ទាំងកម្លាំងកាយចិត្ត និងធនធាន នាពេលកន្លងមក ដែលការរៀបចំយុទ្ធនាការនេះ គឺដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ការបំផុសសកម្មភាពកៀរគរមូលនិធិសប្បុរសធម៌ ជាពិសេស គឺការបំផុសស្មារតី ខ្មែរជួយខ្មែរដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងក្នុង និងក្រៅប្រទេស។
ធនាគារ កាណាឌីយ៉ា បានបន្ថែមថា តាមរយៈការចូលរួមនេះ ក្រុមហ៊ុនសង្ឃឹមថា ជាផ្នែកមួយរួមចំណែករក្សានិរន្តរភាពនៃកិច្ចដំណើការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា។ ក្រុមហ៊ុនក៏សង្ឃឹមថា តាមរយៈការចូលរួមនេះនឹងបង្កើតឱ្យមានចលនាបំផុសបំផុល និងលើកទឹកចិត្តឱ្យមានការចូលរួមបរិច្ចាគជាច្រើនទៀតពីសាធារណជនគ្រប់មជ្ឈដ្ឋានផងដែរ។ ទាំងអស់គ្នាដើម្បីទារក និងកុមារនៅកម្ពុជា៕







