អង្ករក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ចំនួន ២,២០០តោន ដែលបានទិញពីសហគមន៍កសិកម្មទំនើប បានបញ្ជូនតាមកុងតឺន័រទៅដល់កំពង់ផែហើយ និងកំពុងត្រៀមដឹកចេញបន្តទៅកាន់ប្រទេសចិន។

អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានបង្ហាញឱ្យដឹង តាមរយៈវីដេអូឃ្លីបនិងសារលើបណ្តាញសង្គម នៅថ្ងៃទី៧ ខែមិថុនា បែបនេះថា៖ “អង្ករវិរ:ប៊ុនថាំចំនួន ២,២០០តោន ចុងក្រោយ ដែលបានកុងត្រាទិញពីសហគមន៍កសិកម្មទំនើបបានបញ្ជូនតាមរថយន្តកុងតឺន័រ វិរ:ប៊ុនថាំ ឆ្ពោះទៅកំពង់ផែ ដើម្បីត្រៀមបន្តទៅប្រទេសចិន។ ក្រុមហ៊ុន វិរ:ប៊ុនថាំ នឹងបន្តទិញអង្ករពីសហគមន៍បន្តទៀត ក្នុងរដូវកាលថ្មីឆ្នាំនេះ ដើម្បីបន្តនាំចេញទៅកាន់ប្រទេសចិន កាណាដា អាម៉េរិក អូស្រ្តាលី និងអឺរ៉ុប”។
កាលខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា មានបងប្អូនកសិករប្រមាណ ២,០០០គ្រួសារនៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើបចំនួន៦ បានចុះកិច្ចព្រមព្រៀងធ្វើផលិតកម្មកសិកម្ម តាមកិច្ចសន្យាជាមួយក្រុមហ៊ុន វិរៈប៊ុនថាំ ក្រោមការសម្របសម្រួលនៃក្រសួងកសិកម្ម ជាមួយនឹងការតភ្ជាប់ទីផ្សារនិងការធានាតម្លៃសមរម្យទុកជាមុន។
សូមជម្រាបថា ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ថ្មីៗនេះបានគិតគូរនិងបានបោះទុនវិនិយោគជាច្រើនលើវិស័យកសិកម្ម។ ជាពិសេស ការប្រមូលទិញស្រូវអង្ករ ពីបងប្អូនប្រជាកសិករខ្មែរ ដើម្បីចែកចាយលក់នៅតាមបណ្តាសាខារបស់ក្រុមហ៊ុន វិរៈប៊ុនថាំ ទូទាំងប្រទេស ព្រមទាំងការនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ រួមមានប្រទេសចិន និងគម្រោងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក អឺរ៉ុប និងប្រទេសកាណាដាផងដែរ៕





