ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម៖ នារសៀល ថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២៦ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម រៀបចំ «កិច្ចប្រជុំនិងជំនួបពាណិជ្ជកម្មកម្ពុជា-វៀតណាម» ដែលប្រព្រឹត្តទៅក្នុងកំឡុងពេលអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និង ចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ (ASEAN Future Forum-AFF)នៅទីក្រុងហាណូយ។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំធុរកិច្ច វិនិយោគិន និងតំណាងសហគ្រាសឈានមុខនៃប្រទេសទាំងពីរ ដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងពង្រីកបណ្តាញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។
ថ្លែងក្នុងឱកាសនៃជំនួបនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា ចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន។ ក្នុងនោះវៀតណាមគឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន។ រដ្ឋាភិបាលប្រទេសទាំងពីបានកំណត់ទិសដៅ ទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់ ២០ ពាន់លានដុល្លារ។ ទិសដៅប្រកបដោយសក្តានុពលខ្ពស់នេះ នឹងអាចសម្រេចបានក្នុងរយៈពេលដ៏ខ្លីខាងមុខតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការរួមគ្នាកសាងសេដ្ឋកិច្ច។ អ្នកឧកញ៉ា ជំរុញនិងស្នើឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជួយសម្របសម្រួលនីតិវិធីពាណិជ្ជកម្មឆ្លងដែន និងដំឡើងកម្រិតច្រកទ្វារព្រំដែនទាំងអស់ ទៅជាច្រកទ្វារអន្តរជាតិ។
លោក ង្វៀន ក្វាងវីញ (Nguyen Quang Vinh) អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងធុរកិច្ចដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំលើវិស័យសក្តានុពលជាច្រើនដែលទាមទារឱ្យមានការជំរុញបន្ថែម។ ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ពី កិច្ចសហប្រតិបត្តិការល្អប្រសើររវាងសភាពាណិជ្ជកម្ម និង ឧស្សាហកម្មវៀតណាម និងសភាពាណិជ្ជកម្មកម្ពុជា ដែលដើរតួជាស្ពានចម្លងដ៏សំខាន់មួយរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។ លើសពីនេះ លោក ង្វៀន ក្វាង វិញ បានលើកឡើងអំពីវិស័យអាទិភាពសំខាន់ៗចំនួនបីសម្រាប់កិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគតរួមមាន៖ ១)ការលើកកម្ពស់ការតភ្ជាប់ទីផ្សារសម្រាប់អ្នកប្រើប្រាស់ផលិតផលវៀតណាមដែលកំពុងរីកចម្រើនយ៉ាងខ្លាំងហូតដល់ទៅជាងមួយរយលាននាក់ ២)ការអភិវឌ្ឍខ្សែច្រវាក់តម្លៃរួមគ្នា និង ៣)ការរៀបចំកម្មវិធីបណ្តុះបណ្តាលរួមគ្នាដើម្បីពង្រឹងសមត្ថភាពសម្រាប់សហគ្រាសធុនតូចនិងមធ្យម។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ក៏មានជំនួបពាណិជ្ជកម្មរវាងធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ ដោយភាគីទាំងអស់បានពិភាក្សាគ្នាដោយផ្ទាល់ទៅតាមវិស័យសំខាន់ៗ រួមមាន៖
– បច្ចេកវិទ្យា និងឌីជីថល៖ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងដំណោះស្រាយព័ត៌មានវិទ្យាសហគ្រាស។
– កសិកម្ម និងភស្តុភារកម្ម៖ ការកែច្នៃកសិផលកម្រិតខ្ពស់ និងភស្តុភារកម្មខ្សែច្រវាក់ផ្គត់ផ្គង់។
– ផលិតកម្ម និងឧស្សាហកម្ម៖ ការផលិត ឧស្សាហកម្មធុនធ្ងន់ និងសម្ភារៈឧស្សាហកម្ម។
– អចលនទ្រព្យ៖ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍគម្រោងសំណង់ធំៗ។







