អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហើបប្រាប់ពីមូលហេតុពិតដែលលោកមិនបង្អួតសម្ញែងទ្រព្យសម្បត្តិ លុយកាក់ និងសម្ភារៈទំនើបៗ ព្រោះលោកយល់ថាធម្មជាតិរបស់មនុស្សក៏ដូចជាផ្កាដែរ ពោលគឺមានពេលវេលារីក តែក៏អាចមានពេលវេលាត្រូវរុះរោយវិញ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា បានលើកឡើងថា ដើម្បីឆ្លើយតបសំនួររបស់ប្រិយមិត្ត ដែលតែងតែសួរលោកថា តើមានមូលហេតុអ្វីខ្លះ បានជាមិនឃើញបង្អួតសម្ញែងទ្រព្យសម្បត្តិ លុយកាក់ មាសប្រាក់នឹងគេ? លោកសុំលើកយកជាឧទាហរណ៍ងាយៗមួយយកមកប្រៀបធៀប ផ្ការីកហើយតែងតែរោយទៅវិញជាក់ជាមិនខានឡើយ គ្រាន់តែយូរនិងឆាប់ទៅតាមពូជរបស់វា។
អ្នកឧកញ៉ា បានបន្ថែមដូច្នេះ៖ “រីឯមនុស្សអ្នកក្រអាចក្លាយទៅជាអ្នកមាន អ្នកមានខ្លះក៏អាចក្លាយជាអ្នកក្រវិញ ទៅតាមជោគវាសនា ឬមួយទៅតាមការភ្លើតភ្លើន មិនបានប្រុងប្រយ័ត្ន គិតថាតែប៉ុណ្ណេះអញឈប់ក្រហើយ ខំHigh Show បង្អួតសម្ញែងទ្រព្យសម្បត្តិ ភ្លេចអស់ហើយកាលពីគ្រាក្រ ភ្លេចអស់ញាតិមិត្តកាលពីគ្រាក្រ ដល់ពេលមានអាសន្នតាំងស្រែករកជំនួយ។ ឧទាហរណ៍ជាក់ស្តែងមើលតែហ្វ៊េសបុកទៅឃើញហើយ ខ្ញុំមិនហ៊ានថាឱ្យបុគ្គលណាទេ នេះគ្រាន់តែទុកជាគតិសម្រាប់កូនចៅជំនាន់ក្រោយតែប៉ុណ្ណោះ”។
សូមជម្រាបថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា គឺជាសេដ្ឋីមួយរូបនៅកម្ពុជាលើវិស័យកសិឧស្សាហកម្ម។ ជារឿយៗអ្នកឧកញ៉ាតែងតែបង្ហាញភាពសាមញ្ញជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងជួបការលំបាក។ ជាក់ស្តែងថ្មីៗនេះ អ្នកឧកញ៉ាបាននាំយកកុមារា និងកុមារី ភៀសសឹក រាប់សិបនាក់ ដើម្បីយកមកចិញ្ចឹមបីបាច់ថែរក្សា នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ ផងដែរ៕



