អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានចំណាយថវិកាប្រមាណ ៨០,០០០ដុល្លារអាមេរិក ទិញសត្វគោចិញ្ចឹមចំនួន ៧៦ក្បាល ពីកសិករមួយរូបឈ្មោះ សុត សូផាត ដែលចិញ្ចឹមគោក្នុងកសិដ្ឋានចម្ងាយ៣០០ម៉ែត្រពីសមរភូមិជួរមុខ ស្ថិតនៅភូមិប្រសាទ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។

អ្នកឧកញ៉ាអគ្គនាយក បានឱ្យដឹងលើបណ្តាញសង្គម នៅព្រឹកថ្ងៃទី១២ ខែមិថុនានេះថា លោកសូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក សុត សូផាត ចិញ្ចឹមគោជាង៣០០ក្បាល កសិដ្ឋានចម្ងាយ ៣០០ម៉ែត្រ ពីសមរភូមិជួរមុខ ស្ថិតនៅភូមិប្រសាទ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានលក់គោពូជមកអោយលោកចំនួន ៧៦ក្បាល ស្មើនឹង ២៣តោន។ លោកទិញចិញ្ចឹមយកលាមកមកផលិតជីធម្មជាតិ បើគឹតជាប្រាក់ប្រមាណជា៨០,០០០ដុល្លារសហរដ្ឋអាមេរិក។
“ថ្វីត្បិតតែយើងមិនដែលបានជួបទំនាក់ទំនងពីមុនមកក៏ដោយចុះ នៅពេលថ្លឹងគោរួចហើយគាត់បានបញ្ជាអោយរថយន្តចេញដំណើរចាំទូទាត់ប្រាក់ជាក្រោយ ព្រឹកឡើងមុនពេលគណនេយ្យទូទាត់ប្រាក់អោយ ខ្ញុំឆាតសួរគាត់ថាយប់មិញគាត់និងភរិយាដេកលក់ដែឬអត់ទេ? គាត់ឆ្លើយថាដេកលក់ទល់ភ្លឺអត់មានព្រួយបារម្ភអីបន្តិចសោះ បើតាម៉ុងមិនសងលុយប៉ុណ្ណឹងក៏មិនអីដែរ។ គាត់បានសន្យាថាបើខ្ញុំមានតម្រូវការនិងលក់គោអោយជាបន្តបន្ទាប់ទៀត។ ខ្ញុំមិននឹកស្មានថានៅទីជនបទមានមនុស្សហ៊ានប្រថុយប្រថានដូចគាត់អីចឹងសោះ ប្រហែលជាគាត់មិនធ្លាប់ទទួលរងគ្រោះដោយសារតែអ្នកមានបោកប្រាស់ដូចខ្ញុំទេមើលទៅ”។ អ្នកឧកញ៉ា បានបន្ថែម។
សូមជម្រាបថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា គឺជាសេដ្ឋីមួយរូបនៅកម្ពុជាលើវិស័យកសិឧស្សាហកម្ម។ អ្នកឧកញ៉ា មានចំការដូងប្រេងរាប់ម៉ឺនហិកតា នៅខេត្តព្រះសីហនុ ព្រមទាំងចិញ្ចឹមសត្វជាច្រើនប្រភេទ នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ ផងដែរ៕




