ក្រុមហ៊ុន វិរៈ ប៊ុនថាំ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ជួយអាជីវកម្មកម្ពុជាពង្រីកវត្តមានទៅទីផ្សារពិភពលោក តាមរយៈសេវាកម្មដឹកជញ្ជូនសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក

ជុំវិញ​ឧកញ៉ា

ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន វិរៈ ប៊ុនថាំ (VET) ដែលជាប្រតិបត្តិករដឹកជញ្ជូន ឈានមុខគេ​មួយនៅកម្ពុជា បានប្រកាសតែងតាំងក្រុមហ៊ុន Asendia Singapore ជាអ្នកផ្ដល់សេវាដឹកជញ្ជូនឆ្លងដែនរបស់ខ្លួន ក្រោមកិច្ចសហការពាណិជ្ជកម្ម សំដៅពង្រឹងសមត្ថភាពដឹកជញ្ជូនទៅអន្តរជាតិរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចសហការនេះ មានគោលបំណងជួយគាំទ្រដល់សមត្ថភាពដឹកជញ្ជូនអន្តរជាតិថ្មីរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ព្រមទាំងជួយបើកផ្លូវឱ្យមានលំហូរខ្សែដឹកជញ្ជូនថ្មីៗជាបន្តបន្ទាប់ តាមរយៈការបំពេញបន្ថែមសមត្ថភាព​ប្រតិបត្តិការ​ឱ្យគ្នាទៅវិញទៅមក ដើម្បីភ្ជាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ រួមមាន សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស អឺរ៉ុប និងបណ្តាប្រទេសគោលដៅជាច្រើនទៀត។

ស្របតាមទិសដៅនៃកិច្ចសហការនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ នឹងគ្រប់គ្រងលើការទទួលបញ្ញើទំនិញ និងការដឹក​ជញ្ជូនក្នុងស្រុក ដោយប្រើប្រាស់បណ្តាញសាខាដ៏ទូលំទូលាយនៅកម្ពុជា ខណៈដែលក្រុមហ៊ុន Asendia Singapore នឹងទទួលបន្ទុកលើខ្សែដឹកជញ្ជូនពីកម្ពុជាទៅកាន់ប្រទេសគោលដៅ  តាមរយៈហេដ្ឋារចនាសម្ព័ន្ធ​ឡូជីស្ទីក​ជុំវិញពិភពលោក ជំនាញបែបបទគយ និងប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនរបស់ខ្លួន។

១.បំពេញចក្ខុវិស័យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា តាមរយៈដំណោះស្រាយឡូជីស្ទិកដ៏គួរឱ្យទុកចិត្ត

យោងតាម​ទិន្នន័យពីព្រឹត្តិបត្រពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ពាណិជ្ជកម្មអេឡិចត្រូនិកនៅ​កម្ពុជា បានសម្រេចទំហំទីផ្សារប្រមាណ ១,៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ នឹងកំពុងបោះជំហានទៅ​មុខ​យ៉ាងមុតស្រួច។ ស្របនឹងនិន្នាការនេះ អាជីវកម្មក្នុងស្រុកកាន់តែច្រើនក៏កំពុងស្វែង​រកឱកាសពង្រីកខ្លួនទៅ​កាន់ទីផ្សារអន្តរជាតិ និងក្នុងវិស័យពាណិជ្ជកម្មឌីជីថលផងដែរ។ ឆ្លើយតបនឹងសន្ទុះនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ បានបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មដឹកជញ្ជូន ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាចំពោះតម្រូវការកើន​ឡើងរបស់ពាណិជ្ជករ និងសហគ្រាសកម្ពុជា ក្នុងការនាំយកផលិតផលក្នុងស្រុកទៅកាន់ពិភពលោក។

ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សួរ វីរ: ប្រធាន និងជានាយកប្រតិបត្តិនៃ ក្រុមហ៊ុន វិរៈ ប៊ុនថាំ បានមានប្រសាសន៍ថា «ប្រតិបត្តិការដឹកជញ្ជូនក្នុងស្រុករបស់ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គឺមានគ្រឹះយ៉ាងរឹងមាំរួចទៅហើយ ប៉ុន្តែដើម្បីបំពេញ​តម្រូវការជាក់ស្តែងក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនាពេលបច្ចុប្បន្ន អ្វីដែលយើងត្រូវបំពេញបន្ថែម គឺដំណោះ​ស្រាយដឹកជញ្ជូនទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិគួរឱ្យទុកចិត្តមួយ»។ 

ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត បានបន្ថែមថា «ការបូកផ្សំរវាងចំណុចខ្លាំងរបស់ ក្រុមហ៊ុន វិរៈ ប៊ុនថាំ ជាមួយ​នឹង​បណ្តាញដឹកជញ្ជូនទូទាំងពិភពលោក ព្រមទាំងជំនាញផ្នែកបែបបទគយ និងប្រតិបត្តិការប្រកបដោយបទពិសោធន៍​របស់ Asendia នឹងជួយពង្រឹងជំហររបស់យើងឱ្យក្លាយ​ជាកម្លាំងចលករដ៏សំខាន់ ដើម្បីជួយអាជីវកម្មកម្ពុជា​ឱ្យចូល​រួម​ប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិប្រកបដោយភាពជឿជាក់»។

គំនិតផ្ដួចផ្ដើមនេះដែរ មិនត្រឹមតែឆ្លុះបញ្ចាំងពីគោលដៅជាតិក្នុងការពង្រឹងខ្លួនក្នុងពាណិជ្ជកម្មសកល និងសេដ្ឋកិច្ច​ឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទំព័រថ្មីមួយ ដែលបើកឱកាសឱ្យអាជីវកម្មក្នុងស្រុក អាចបង្ហាញវត្តមាននៅ​ក្រៅប្រទេសផងដែរ។

២.Asendia នាំយកសមត្ថភាពដឹកជញ្ជូនលំដាប់ពិភពលោកមកកាន់កម្ពុជា

របាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញថា សហគ្រាសធុនតូច និងមធ្យម (SMEs) មានចំនួន​រហូតដល់ទៅប្រមាណ ៩៩% នៃវិស័យឯកជននៅកម្ពុជា។ តួលេខនេះបានគូសបញ្ជាក់យ៉ាងច្បាស់​ពីសក្តានុពល​ដ៏ធំ សម្រាប់អាជីវកម្មក្នុងស្រុកក្នុងការឈានចូលទីផ្សារអន្តរជាតិ តាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិក​ឆ្លងដែន។

លោក Senthil Kumar នាយកប្រតិបត្តិក្រុមហ៊ុន Asendia សិង្ហបុរី និងអាស៊ីខាងត្បូង បានមានប្រសាសន៍ថា «ក្រុមហ៊ុន Asendia បានប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ យើងមើលឃើញយ៉ាងច្បាស់ថា ប្រទេសកម្ពុជាគឺជាទីផ្សារមួយដែលកំពុងមានការរីកចម្រើនយ៉ាងរហ័ស ជាពិសេសលើតម្រូវការដឹកជញ្ជូនទំនិញទៅក្រៅប្រទេស សម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក»។

លោកបានបន្ថែមទៀតថា «កិច្ចសហការនេះនឹងផ្សារភ្ជាប់ឧត្តមភាពនៃប្រព័ន្ធដឹកជញ្ជូនក្នុងស្រុករបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ទៅនឹងបណ្តាញសកលដ៏ទូលំទូលាយ និងជំនាញដឹកជញ្ជូនឆ្លងដែនរបស់ Asendia ដើម្បីបង្កើតបានជា​បង្អែកដ៏រឹងមាំមួយ រុញច្រានឱ្យអាជីវកម្មនៅកម្ពុជាអាចបង្ហាញខ្លួនទៅកាន់ឆាកអន្តរជាតិបានយ៉ាងងាយស្រួល»។

កិច្ចសហការនេះ ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ Asendia ក្នុងការពង្រីកវិសាលភាពអាជីវកម្មទៅកាន់ទីផ្សារ​កំពុងអភិវឌ្ឍទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។

៣.កាតាលីករជំរុញកម្ពុជាឆ្ពោះទៅកាន់ទីផ្សារសកល និងពន្លឿនកំណើនសេដ្ឋកិច្ចឌីជីថល

គួរបញ្ជាក់ផងដែរថា កិច្ចសហការដ៏សំខាន់នេះអាចសម្រេចទៅបាន ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុន Confluences ដែលបានដើរតួនាទីរៀបចំផ្សារភ្ជាប់ទំនាក់ទំនងរវាងដៃគូពាក់ព័ន្ធសំខាន់ៗនៅក្នុងវិស័យ ដែលជា​ផ្នែកមួយនៃបេសកកម្មស្នូលរបស់ក្រុមហ៊ុន Confluences ក្នុងការលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូនអន្តរជាតិ និងគាំទ្រ​ដល់ការចូលមកវិនិយោគ ក៏ដូចជាពង្រីកប្រតិបត្តិការនៅក្នុងទីផ្សារកម្ពុជារបស់ក្រុមហ៊ុនអន្តរជាតិផងដែរ។

លោក Soreasmey Ke Bin នាយកប្រតិបត្តិក្រុមហ៊ុន Confluences បានលើកឡើងថា «កិច្ចសហការពាណិជ្ជកម្ម​នេះ ប្រៀបបានជាស្ពានយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលនាំកម្ពុជាឆ្ពោះទៅកាន់ការពង្រឹងជំហរ​របស់ខ្លួននៅ​លើឆាក​ពាណិជ្ជកម្មអន្តរជាតិ និងពាណិជ្ជកម្មអេឡិចត្រូនិក»។

កិច្ចសហការនេះ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃ​វិស័យ​ដឹកជញ្ជូន និងឡូជីស្ទីក ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការធ្វើអន្តរជាតូប​នីយកម្មសហគ្រាសធុនតូច និងមធ្យម និងការសម្របសម្រួលពាណិជ្ជកម្មផងដែរ។

ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម​ឌីជីថល រួមមាន ច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល​កម្ពុជា ២០២១–២០៣៥ សំដៅជំរុញការធ្វើសមាហរណកម្មរបស់កម្ពុជាក្នុងផ្សារឌីជីថល ទាំងក្នុងតំបន់ និងលើ​សកលលោក។

បច្ចុប្បន្ន ក្រុមហ៊ុន វិរៈ ប៊ុនថាំ និង Asendia កំពុងស្ថិតក្នុងដំណាក់កាលអនុវត្តគម្រោង និងសាកល្បងប្រតិបត្តិការ​លើផ្លូវដឹកជញ្ជូនទៅកាន់គោលដៅនានាជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ មុននឹងឈានទៅដល់ការ​ដាក់ឱ្យដំណើរការពេញលេញ និងជាផ្លូវការនៃសេវាកម្មដឹកជញ្ជូនអន្តរជាតិទាំងស្រុង៕

អំពីក្រុមហ៊ុន វិរៈ ប៊ុនថាំ (VET)

ជាក្រុមហ៊ុនខ្មែរ បានបង្កើតឡើងក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្នបានក្លាយជា ក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ញើរ ឆាប់រហ័សឈានមុខគេប្រចាំប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទៅកាន់ប្រទេសជិតខាងមួយចំនួន។ ក្រៅពីសេវាកម្ម ទាំងនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសេវាកម្មផ្សេងៗជាច្រើនទៀត រួមមាន៖ សេវាកម្មសណ្ឋាគារនិងរីសត រថយន្តដឹកទំនិញធន់ធំ រថយន្តជួលប្រណិត រថយន្តគ្រែគេងយប់ប្រណិត រថយន្ត​ក្រុងប្រណិត ទូកល្បឿនលឿន ទូកកំសាន្តទេសចរណ៍ ស្ថានីយ៍សាកថ្មយានយន្ត រោងចក្រជីកសិកម្ម រោងចក្រ​ផលិតម្ហូបអាហារនិងគ្រឿងទេស និងអចលនទ្រព្យ៕

សម្រាប់ព័ត៌មានបន្ថែម ៖ www.vireakbuntham.com

អំពីក្រុមហ៊ុន Asendia

គឺជាក្រុមហ៊ុនឈានមុខគេមួយលើពិភពលោកក្នុងវិស័យដឹកជញ្ជូនពាណិជ្ជកម្មអេឡិចត្រូនិក និងប្រៃសណីយ៍​អន្តរជាតិ ដោយមានបណ្តាញចែកចាយទំនិញ និងឯកសារទៅកាន់គោលដៅជាង ២០០ ប្រទេសជុំវិញ​ពិភពលោក។ Asendia ត្រូវបានបង្កើតឡើងរួមគ្នាដោយស្ថាប័នប្រៃសណីយ៍ដ៏ល្បីល្បាញពីរគឺ La Poste (បារាំង) និង Swiss Post (ស្វីស) ដែលធ្វើឱ្យក្រុមហ៊ុនមួយនេះមានទាំងបទពិសោធន៍លំដាប់អន្តរជាតិ និងការយល់ដឹង​ច្បាស់ពីទីផ្សារក្នុងស្រុក។ វិសាលភាពសេវាកម្មរបស់ Asendia គ្របដណ្តប់លើគ្រប់ទិដ្ឋភាពនៃ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ចាប់តាំងពីការរៀបចំប្រព័ន្ធសូហ្វវែរសម្រាប់គេហទំព័រលក់ទំនិញ និងទីផ្សារអនឡាញនានា រហូតដល់សេវាដឹកជញ្ជូនទំនិញទៅកាន់គ្រប់ទីកន្លែងជុំវិញពិភពលោក។

សម្រាប់ Asendia ការដឹកជញ្ជូនមិនមែនគ្រាន់តែជាការបញ្ជូនទំនិញពីចំណុចមួយទៅចំណុចមួយប៉ុណ្ណោះទេ ប៉ុន្តែគឺការតភ្ជាប់រវាងម៉ាកយីហោ និងអតិថិជនតាមរយៈដំណោះស្រាយឡូជីស្ទិកដ៏ឆ្លាតវៃ មានភាពបត់បែន និងឈរលើបទពិសោធន៍ បច្ចេកវិទ្យាទំនើប និងការយកចិត្តទុកដាក់។ តាមរយៈទស្សនវិជ្ជា «smart-design by asendia®» ក្រុមហ៊ុនបានប្រមូលផ្តុំធនធានមនុស្ស និងបណ្តាញដឹកជញ្ជូន ដើម្បីបង្កើតដំណោះ​ស្រាយដែលឆ្លើយ​តបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនគ្រប់រូប។

ចក្ខុវិស័យរបស់ Asendia គឺការបើកឱកាសឱ្យអតិថិជនទូទាំងពិភពលោក អាចពង្រីកអាជីវកម្មទៅកាន់ទីផ្សារ​សកលបានយ៉ាងរលូន តាមរយៈដំណោះស្រាយដឹកជញ្ជូនឆ្លងដែនប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។ បច្ចុប្បន្ន Asendia មានបុគ្គលិកជាង ២ ០០០ នាក់ នៅទូទាំងទ្វីបអឺរ៉ុប ចក្រភពអង់គ្លេស តំបន់អាស៊ីប៉ាស៊ីហ្វិក និងសហរដ្ឋអាមេរិក ដោយបង្កើតបានជាបណ្តាញសកល ជាមួយវត្តមានតាមតំបន់នីមួយៗយ៉ាងរឹងមាំ។

ភ្ជាប់បទពិសោធន៍លំដាប់ពិភពលោក ជាមួយការយល់ដឹងច្បាស់លាស់អំពីបរិបទក្នុងតំបន់ ដើម្បីដំណោះស្រាយ​សមស្របនឹងតម្រូវការរបស់អ្នក។

សម្រាប់ព័ត៌មានបន្ថែម ៖ www.asendia.com

អំពីក្រុមហ៊ុន Confluences

គឺជាក្រុមហ៊ុនមានមូលដ្ឋាននៅកម្ពុជា ដែលជួយសម្រួលដល់ក្រុមហ៊ុនអន្តរជាតិក្នុងការវិនិយោគ និងអភិវឌ្ឍ​អាជីវកម្ម ក៏ដូចជាគម្រោងយុទ្ធសាស្ត្រនានានៅកម្ពុជា និងក្នុងតំបន់មេគង្គ។ ក្រុមហ៊ុនផ្ដល់សេវាកម្មសម្របសម្រួល​លើការធ្វើពាណិជ្ជកម្មឆ្លងដែន ការរៀបចំផែនការចូលទីផ្សារ គម្រោងវិនិយោគ និងការបង្កើតកិច្ចសហការ​ពាណិជ្ជកម្មលើវិស័យជាច្រើន រួមមាន៖ ផ្នែកដឹកជញ្ជូន (ឡូជីស្ទីក) ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្ម។

សម្រាប់ព័ត៌មានបន្ថែម ៖ www.confluences.asia