ឧកញ៉ា ចាន់ សុឃាំង អមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ប្រធានទីភ្នាក់ងារជំរុញ​ពាណិជ្ជកម្ម និងការវិនិយោគកូរ៉េ (KOTRA)

ជុំវិញ​ឧកញ៉ា

សេអ៊ូល សាធារណរដ្ឋកូរ៉េ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឧកញ៉ា ចាន់ សុឃាំង សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានបន្តអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Kang Kyung Sung ប្រធាន និងជា​នាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) នៅទីស្នាក់ការកណ្តាល KOTRA នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃកិច្ចពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកាលានុវត្តភាព និងយន្តការ​យ៉ាងម៉ឺងម៉ាត់ផ្សេងៗរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន ព្រមទាំងបានស្នើឱ្យ KOTRA បន្តសហការរៀបចំទស្សនកិច្ចវិនិយោគ (Investment Roadshows) និងកម្មវិធីផ្គូផ្គងធុរកិច្ច (Business Matching) ឱ្យបានកាន់តែច្រើន ដើម្បីនាំយកក្រុមហ៊ុនមហាយក្សកូរ៉េក្នុងវិស័យ ដែលផ្តល់តម្លៃបន្ថែម​ខ្ពស់មកបោះទុននៅកម្ពុជា តាមរយៈការទាញយកអត្ថប្រយោជន៍ពី​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីនានាដែល​មានស្រាប់។

ជាការឆ្លើយតប លោកប្រធាន KOTRA បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះសន្ទុះនៃ​ការអភិវឌ្ឍសេដ្ឋកិច្ច និងភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគថ្មីរបស់កម្ពុជា ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុង​ការ​បន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ ក.អ.ក. និងស្ថានទូតកម្ពុជា ដើម្បីជំរុញទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្ម​ទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។