ឧកញ៉ា តែ តាំងប៉ ដឹកនាំប្រតិភូចុះបំពេញទស្សនកិច្ចសិក្សាស្វែងយល់ផ្ទាល់ នៅកសិដ្ឋានចិញ្ចឹមគោ និងរោងចក្រ​ផលិតទឹកដោះគោ «គិរីសួគ៌ ហ្វាម»

ជុំវិញ​ឧកញ៉ា

នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង​មធ្យមកម្ពុជា (FASMEC) បានដឹកនាំប្រតិភូ និងសមាជិក សមាជិកា ធ្វើដំណើរបំពេញទស្សនកិច្ច​សិក្សាស្វែង​យល់ផ្ទាល់ នៅកសិដ្ឋានចិញ្ចឹមគោ និងរោងចក្រផលិតទឹកដោះគោ «គិរីសួគ៌ ហ្វាម» (Kirisu Farm) ដែលជា​កសិដ្ឋានគំរូដ៏ធំ និងទំនើបបំផុតមួយនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង​មធ្យមកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោល​បំណង​បើកឱកាសឱ្យម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងស្រុក បានសិក្សាស្វែងយល់ពី៖

– បច្ចេកវិទ្យាចិញ្ចឹម៖ ការគ្រប់គ្រង និងថែទាំហ្វូងគោទឹកដោះតាមស្តង់ដារបច្ចេកវិទ្យាខ្ពស់។

– ខ្សែច្រវាក់ផលិតកម្ម៖ ដំណើរការកែច្នៃ និងការវេចខ្ចប់ទឹកដោះគោស្រស់ប្រកបដោយអនាម័យ និងសុវត្ថិភាព​ចំណីអាហារ។

– បទពិសោធន៍គ្រប់គ្រង៖ ការស្វែងយល់ពីការគ្រប់គ្រងអាជីវកម្មកសិ-ឧស្សាហកម្មខ្នាតធំ ដើម្បីយកមកអភិវឌ្ឍ និងកែច្នៃក្នុងអាជីវកម្មផ្ទាល់ខ្លួន។

ក្នុងឱកាសនោះដែរ លោកឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ថា​៖ «ការចុះមកពិនិត្យផ្ទាល់នៅកសិដ្ឋាន គិរីសួគ៌ ហ្វាម នាថ្ងៃនេះ គឺដើម្បីបង្ហាញឱ្យសហគ្រិនរបស់យើងបានឃើញពីភាពជោគជ័យនៃសហគ្រាសក្នុងស្រុក ដែល​មានសមត្ថភាពផលិត ផលិតផលស្តង់ដារអន្តរជាតិ។ យើងចង់ជំរុញឱ្យមានការតភ្ជាប់បណ្តាញអាជីវកម្ម (Business Networking) និងការផ្លាស់ប្តូរបទពិសោធន៍ ដើម្បីពង្រឹងសមត្ថភាពផលិតកម្មរបស់ SMEs កម្ពុជា​ឱ្យកាន់តែរឹងមាំ និងអាចប្រកួតប្រជែងបាន»។

ជាមួយគ្នានោះដែរ តំណាងគ្រប់គ្រងកសិដ្ឋាន «គិរីសួគ៌ ហ្វាម» បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះ​វត្តមានរបស់ លោកឧកញ៉ាប្រធាន និងសមាជិក FASMEC ទាំងអស់ ព្រមទាំងបានណែនាំយ៉ាងលម្អិតអំពីប្រវត្តិរូប បច្ចេកវិទ្យាអ៊ីស្រាអែលដែលកំពុងប្រើប្រាស់ និងចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការផ្គត់ផ្គង់ទឹកដោះគោស្រស់ធម្មជាតិ ១០០% ជូនដល់ប្រជាជនកម្ពុជា។

គួរបញ្ជាក់ផងដែរថា កសិដ្ឋាន «គិរីសួគ៌ ហ្វាម» ស្ថិតនៅក្នុងតំបន់ភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ ដែលជាការ​វិនិយោគរួមគ្នាយ៉ាងធំធេងក្នុងការនាំយកបច្ចេកវិទ្យាចិញ្ចឹម និងកែច្នៃទឹកដោះគោទំនើបចុងក្រោយ ដើម្បីរួមចំណែក​កាត់បន្ថយការនាំចូល និងលើកកម្ពស់សុខុមាលភាពពលរដ្ឋខ្មែរ តាមរយៈការបរិភោគផលិតផល​ក្នុងស្រុកដែលមាន​គុណភាពខ្ពស់៕