កូនប្រុសអ្នកឧកញ៉ា អុឹង លីហេង និងសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា តាំង ហ្គិចលៀង (ក្រុមហ៊ុន H&L Group Co.,Ltd.) វ័យទើប២២ឆ្នាំ ទទួលបានចំណាត់ថ្នាក់លេខ១ ក្លាយជាម្ចាស់ពានរង្វាន់កីឡាវាយកូនហ្គោល Vattanac Social Golf Tournament កាលពីពេលថ្មីៗនេះ។

ពានរង្វាន់ Vattanac Social Golf Tournament ជាពានរង្វាន់មួយដែលពិបាកក្នុងការប្រជែងយក ដោយសារប្រមូលផ្តុំទៅដោយជើងខ្លាំងចាស់ៗនៅស្រុកខ្មែរជាច្រើននាក់។ ទោះយ៉ាងណា កូនប្រុសអ្នកឧកញ៉ា អុឹង លីហេង អាចទទួលបានជោគជ័យ ក្លាយជាម្ចាស់ពាននេះទាំងវ័យក្មេង។
លោកជំទាវអ្នកឧកញ៉ា តាំង ហ្គិចលៀង បានបង្ហោះសារលើបណ្តាញសង្គម នៅថ្ងៃទី០៣ ខែមិថុនា បែបនេះថា៖ “សូមកោតសរសើរ កូនកំលោះម្តាយ ដែលប្រកួតបានលេខ១ ក្នុងចំណោម អ្នកប្រកួត Golf ជាង ៦០នាក់ ក្នុងកម្មវិធី The Vattanac Social Golf Tournament របស់ Vatanac Goft Resort។ កូនជាយុវជន ម្នាក់ដែលខិតខំ តស៊ូ ព្យាយាមយ៉ាងខ្លាំង ដើម្បីសម្រេចគោលដៅរបស់កូន។ ម៉ាក់និងប៉ា ពិតជាមានមោទនភាព ចំពោះលទ្ធផលនៃការខិតខំរបស់កូនបានផ្លែផ្កានេះណាស់។ សូមកូនបន្តស្មារតីនេះ បន្តទៅបើកទំព័រថ្មីដែលប្រសើរឡើង ឱ្យជីវិតកូនជារៀងរាល់ថ្ងៃណាកូនសំឡាញ់”។
សូមជម្រាបថា ស្ថិតក្នុងវ័យទើប ២២ឆ្នាំ កូនប្រុសអ្នកឧកញ៉ា អុឹង លីហេង គឺជាយុវជនគម្រូមួយរូប មានអត្តចរិកល្អ មានការខិតខំតស៊ូព្យាយាម ព្រមទាំងមានឆន្ទៈក្នុងការជួយសង្គមជាតិ តាមរយៈចូលរួមកិច្ចការងារសង្គមជាច្រើន នាពេលកន្លងមក។ យុវវ័យរូបនេះ បានបញ្ចប់ការសិក្សាពី មហាវិទ្យាល័យ UNSW នៅទីក្រុង Sydney ប្រទេស អូស្ត្រាលី ដោយទទួលបានអាហារូបករណ៍ ក្នុងជំនាញវិទ្យាសាស្ត្រសង្គមផ្នែកធុរកិច្ច៕










