ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្វែងរកឃើញផលិតផលចំនួន៤ មុខ ក្នុងចំណោមផលិតផលផ្សេងទៀត ដែលឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ផ្សព្វផ្សាយលក់ ជាផលិតផលក្លែងក្លាយ មានសារធាតុហាមឃាត់ ប៉ះពាល់ខ្លាំងដល់សុខភាព ខណៈដែលផលិតផលទាំងនោះមានដូចជា ថ្នាំដុសធ្មេញ និងគ្រឿងសម្អាង ធ្វើឱ្យស្បែកឆាប់ ស។

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានគូសបញ្ជាក់ឱ្យដឹង នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះថា លោកសង្កេតឃើញថា ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួនម្ចាស់ផលិតផលឡេ និងផលិតមួយចំនួនទៀត មានការវែកញែកបកស្រាយលើកហេតុផលនេះ ហេតុផលនោះ ដោយមានអ្នកអបអរសាទរច្រើនលើសលប់ និងមានមួយក្រុមតូច មិនទទួលយកនូវការអនុវត្តច្បាប់របស់មន្រ្តីនគរបាលជំនាញ។
លោកឧត្តមសេនីយ៍ទោស្នងការខេត្ត បានបន្ថែមដូច្នេះថា៖ “ខ្ញុំសូមបញ្ជាក់ថា ផលិតផលចំនួន៤ មុខ ក្នុងចំណោមផលិតផលផ្សេងទៀត ដែលយកទៅពិសោធន៍ និងធ្វើតេស្ត ដែលម្ចាស់ក្រុមហ៊ុនខាងលើ Live ផ្សាយលក់ គឺជាការបោកប្រាស់ ក្លែងក្លាយ ហើយមានសារធាតុហាមឃាត់លើស ខុសពីច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ជារួមគួរនាំគ្នាអាណិតដល់អ្នកជឿចាញ់បោក ខំប្រឹងរកលុយមកទិញផលិតផលរបស់ក្រុមហ៊ុនខាងលើ យកមកប្រើប្រាស់ ដែលប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ”។
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នើសុំឲ្យបញ្ឈប់ការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលបាននិងកំពុងបំពុលសង្គម។
សូមជម្រាបថា កាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើសំណុំរឿងព័ន្ធករណីញុះញង់ឱ្យមានការរើសអើង និងធ្វើឲ្យខូចទឹកចិត្តកងទ័ព ដោយសម្រេចឃុំខ្លួនបណ្តោះអាសន្នលើ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya នៅពន្ធនាគារខេត្តកណ្តាល៕




