នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ និយ័តករមូលបត្រកម្ពុជា បានសម្រេចផ្តល់ការអនុញ្ញាត និងចុះបញ្ជីឯកសារ ផ្តល់ព័ត៌មានដល់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដើម្បីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង។

យោងតាមសេចក្តីប្រកាសព័ត៌មាន ការសម្រេចផ្តល់ការអនុញ្ញាតនេះ ត្រូវស្របតាមលក្ខខណ្ឌដូចខាងក្រោម៖
-ប្រភេទមូលបត្រកម្មសិទ្ធិ ៖ មូលបត្រកម្មសិទ្ធិប្រភេទ “ក”
-ចំនួនមូលបត្រកម្មសិទ្ធិដែលស្នើសុំលក់ ៖ ៣៣.៥០០.០០០ (សាមសិបបីលានប្រាំរយពាន់) ឯកតា មូលបត្រកម្មសិទ្ធិ
-ថ្លៃលក់ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៖ ១.២០០ (មួយពាន់ពីររយ) រៀល
-ទំហំទឹកប្រាក់បោះផ្សាយសរុប ៤០.២០០.០០០.០០០ (សែសិបប៊ីលានពីររយលាន) រៀល ប្រមាណជា ១០.០៥០.០០០ (ដប់លានហាសិបពាន់) ដុល្លារ អាមេរិក។
ក្រុមហ៊ុនបុរី វិមានសំណាង ម.ក គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា ដែលចូលរួមក្នុងការអភិវឌ្ឍ និងលក់អចលនទ្រព្យលំនៅដ្ឋាន និងអចលនទ្រព្យពាណិជ្ជកម្ម។
គួររំឭកថា កាលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រកាសឱ្យដឹងថា ផ្សារមូលបត្រកម្ពុជា (ផមក) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនថា ផមក បានសម្រេចឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅទីផ្សារគោលរបស់ បុរី វិមានសំណាង ម.ក៕



