ឧកញ៉ា តាន់ មុនីវណ្ណ តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលជួបគណៈប្រតិភូជប៉ុន ស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា​

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ច ជប៉ុនដែលដឹកនាំដោយ លោក រស់ រាសី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា​នៅតំបន់សេនដៃ ប្រទេសជប៉ុន។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ លោក រស់ រាសី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​លោកឧកញ៉ា អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីទទួលជួបពិភាក្សាការងារ។

លោក​ រស់​រាសី បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងជប៉ុន និងកម្ពុជា។ លោកបានគូស​បញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចរបស់ធុរជន​ជប៉ុន ដើម្បីស្វែងយល់បន្ថែមពីបរិយាកាសធុរកិច្ច និងទិដ្ឋភាពជាក់ស្ដែងជាមួយនិងការអភិវឌ្ឍន៍​យ៉ាងឆាប់រហ័ស​របស់កម្ពុជានាពេលបច្ចុប្បន្ន។​ ធុរជនដែល​អញ្ជើញមកនាថ្ងៃនេះមកពីវិស័យដូចជា​សុខាភិបាល គ្រឿងសម្អាង​ ពាណិជ្ជកម្ម​ ភោជនីយដ្ឋាន និងសេវាកម្មថែទាំមនុស្សចាស់។ គណៈប្រតិភូក៏បានសាកសួរស្វែងយល់ បន្ថែមអំពី​ឱកាសក្នុងការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជាផងដែរ។​

​ជាកិច្ចឆ្លើយតប ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏សកម្មរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅជប៉ុន​ដែលដឹកនាំដោយ​លោក រស់ រាសី។

លោកឧកញ៉ា បានមានប្រសាសន៍អំពីទំនាក់ទំនង​ដ៏យូរអង្វែងរវាងកម្ពុជា និងជប៉ុន​ និងការគាំទ្រជាច្រើនរបស់ជប៉ុន​តាមរយៈជំនួយផ្សេងៗដូចជាផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងគតិយុត្តជាដើម។ នៅក្នុងនោះផងដែរ លោកឧកញ៉ា ក៏បានបញ្ជាក់ថានាពេលបច្ចុប្បន្នក៏មានវត្តមានក្រុមហ៊ុនជប៉ុនជាច្រើនដែលកំពុងធ្វើការវិនិយោគនៅកម្ពុជា។

លោកឧកញ៉ា ក៏បានលើកយកវិស័យដែលមានសក្ដានុពលនៅកម្ពុជា​ដូចជាវិស័យសុខាភិបាល ពោលដោយសារ​មាន​តម្រូវការ​ទីផ្សារខ្ពស់នៅកម្ពុជា ការនាំចេញនាំចូលទំនិញ និង​ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​ដែលជាចលករមួយក្នុងការជំរុញកម្លាំងពលកម្មទៅប្រទេសជប៉ុន។ លោកឧកញ៉ាបានលើកទឹកចិត្តឲ្យធុរជនជប៉ុន វិនិយោគក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗនៅកម្ពុជាផងដែរ ពោលគឺដោយសារកម្លាំងពលកម្មគឺមានតម្លៃទាប​ជាង​ប្រទេសដទៃ ហើយរាល់ការវិនិយោគតែង ទទួលបានលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា៕

រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា