ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ឧកញ៉ា ហួត ឈឿន អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ (ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម)។

ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងកែលម្អ និងពង្រីកកំណាត់ផ្លូវជាតិលេខ៧ នេះ ត្រូវបានស្ថាបនាឡើងក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងភស្តុភារកម្ម កាន់តែមានភាពរីកចម្រើន និងរហ័សទាន់ចិត្ត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ ផ្លូវមួយខ្សែនេះ នឹងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្តោយផ្លូវកាន់តែរីកចម្រើន ធូរធារ និងផ្តល់ជម្រើសកាន់តែប្រសើរក្នុងការធ្វើដំណើរ៕







