អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប កាលពីពេលថ្មីៗនេះ បានផ្តល់កិត្តិយសអញ្ជើញទទួលដំណើរទស្សនកិច្ចរបស់បេក្ខភាព Miss & Mister Cosmo Cambodia 2026 នៅក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប ដើម្បីស្វែងយល់ពីបរិយាកាសការងារ និងស្វែងយល់នូវបទពិសោធន៍ថ្មីៗពីក្រុមហ៊ុន និងសេវាកម្មឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងកម្មវិធីនេះ បេក្ខភាពទាំងអស់ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពី អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញចូលរួមជាអធិបតី និងផ្តល់ការណែនាំយ៉ាងជិតស្និទ្ធ។ បេក្ខភាពទាំងអស់បានស្វែងយល់ពីបរិយាកាសការងារ វប្បធម៌ក្រុមហ៊ុន និងទទួលបានបទពិសោធន៍ដ៏មានតម្លៃពីក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប។ លើសពីនេះ ក្រុមការងារក៏បានទៅទស្សនកិច្ចនៅ ផ្សារធម្មជាតិវិរៈប៊ុនថាំ (Vireak Buntham Fresh Market) ដើម្បីស្វែងយល់ពីទីតាំង និងស្តង់ដារនៃផលិតផលស្រស់ស្អាត គុណភាពខ្ពស់ និងសម្បូរបែប ដែលផ្តល់ជូនអតិថិជនជារៀងរាល់ថ្ងៃផងដែរ។
សូមជម្រាបថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប (VET Group) ជាអ្នកឧបត្ថម្ភដ៏ធំមួយរបស់កម្មវិធី Miss & Mister Cosmo Cambodia ឆ្នាំ២០២៦នេះ។ កម្មវិធី Miss & Mister Cosmo Cambodia 2026 គឺជាការប្រកួតសម្រស់លំដាប់ថ្នាក់ជាតិដ៏ធំមួយនៅកម្ពុជា។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់សក្តានុពល ស្នាមញញឹម ភាពក្លាហាន និងទំនុកចិត្តរបស់យុវវ័យកម្ពុជា៕











