អ្នកឧកញ៉ា លី ឃុនថៃ អញ្ជើញបើកសន្និសីទស្បែកជើងអន្តរជាតិលើកទី៤៣ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ របស់សហព័ន្ធ CIFA

ជុំវិញ​ឧកញ៉ា

នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសហព័ន្ធឧស្សាហកម្មស្បែកជើងអន្តរជាតិ (CIFA) និងជាប្រធានសមាគមស្បែកជើងកម្ពុជា បានអញ្ជើញបើកសន្និសីទស្បែកជើងអន្តរជាតិលើកទី៤៣ និងការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ របស់សហព័ន្ធ CIFA ក្រោមអធិបតីភាព លោកជំទាវ ខា ឡេង នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក និងបណ្ដាដៃគូរបស់សហព័ន្ធ CIFA មកពី បណ្ដាប្រទេសមួយចំនួនផងដែរ។

ថ្លែងនៅក្នុងឱកាសនោះ អ្នកឧកញ៉ា លី ឃុនថៃ បានបង្ហាញមោទនភាពដែលក្នុងឆ្នាំ២០២៦នេះ គឺជាឆ្នាំប្រវត្តិសាស្ត្រ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត ខណៈដែលកម្ពុជាបាន ធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលដ៏សំខាន់នេះជាលើកដំបូង ចាប់តាំងពីបានក្លាយជាសមាជិករបស់ CIFA។

អ្នកឧកញ៉ា បានលើកឡើងថា នៅក្នុងរយៈពេល ៥៥ ឆ្នាំកន្លងមកនេះ ឧស្សាហកម្មស្បែកជើងសកលបានវិវត្តន៍ខ្លួនទៅជាឧស្សាហកម្មមួយ ដែលមានសក្ដានុពល និងការតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធនៅក្នុងពិភពលោក ដោយសារការជំរុញពីនវានុវត្តន៍ និរន្តរភាព ការផ្លាស់ប្តូរឌីជីថល និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

នាពេលបច្ចុប្បន្ននេះ កម្ពុជាត្រូវបានទទួលស្គាល់ដោយមោទនភាពថាជាផ្នែកមួយដ៏សំខាន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ស្បែកជើងសកល ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ ការអភិវឌ្ឍជំនាញ ការផ្ទេរបច្ចេកវិទ្យា និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

អ្នកឧកញ៉ា លី ឃុនថៃ បានសង្កត់ធ្ងន់ថា គិតត្រឹមឆ្នាំ២០២៦ នេះ កម្ពុជាមានរោងចក្រស្បែកជើងច្រើនជាង ២០០ រោងចក្រ ដែលបានផ្តល់            ឱកាសការងារដល់កម្មករនិយោជិត ប្រមាណជិត ១៩០.០០០ (ដប់ប្រាំបួនម៉ឺន) នាក់ រួមជាមួយការទទួលបានការអនុគ្រោះពន្ធទៅកាន់ទីផ្សារពិភពលោកសំខាន់ៗ រួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ចិន ជប៉ុន កូរ៉េខាងត្បូង និងអាស៊ាន ដែលបង្កើតឱកាសដ៏វិសេសវិសាលបន្ថែមទៀត សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។

បច្ចុប្បន្ននេះ កម្ពុជាឈរជើងជាគោលដៅវិនិយោគដ៏ជោគជ័យ និងមានសក្ដានុពលបំផុតមួយនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ ដោយផ្តល់នូវឱកាសដ៏វិសេសវិសាលសម្រាប់កំណើនវិនិយោគ និងធុរកិច្ច ប្រកបដោយនិរន្តរភាព។

ក្នុងឱកាសដ៏មានអត្ថន័យនេះ អ្នកឧកញ៉ា លី ឃុនថៃ ក៏បានអញ្ជើញយ៉ាងកក់ក្តៅដល់អ្នកវិនិយោគ មកពីបណ្តា ប្រទេស CIFA ទាំងអស់ និងជុំវិញពិភពលោក មកសិក្សា និងឈ្វេងយល់ពីកម្ពុជា។ អ្នកឧកញ៉ថា ថា កម្ពុជា មិនត្រឹមតែត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូយុទ្ធសាស្ត្រ រយៈពេលយូរអង្វែង ដែលការវិនិយោគនឹងមានភាពរីកចម្រើន ការច្នៃប្រឌិតនឹងរីកដុះដាល និងសម្រេចបាននូវវិបុលភាពរួមគ្នាសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

សូមជម្រាបជូនផងថា​ សហព័ន្ធសមាគមស្បែកជើងអន្តរជាតិ (CIFA) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧១។  CIFA បានប្រមូលផ្តុំដោយសមាគមស្បែកជើងមកពីប្រទេសចំនួន១៩ ជាសមាជិក រួមមាន ប្រទេសកម្ពុជា ជប៉ុន កូរ៉េ ចិន ហុងកុង ឥណ្ឌូនេស៊ី ចិនតៃវ៉ាន់ ថៃ ក្វាងតុង វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌា ចិន បង់ក្លាដែស ក្វាងចូវ មីយ៉ាន់ម៉ា ប៉ាគីស្ថាន អាហ្វ្រិកខាងត្បូង និងតួកគី៕