លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានទទួលជួបពិភាក្សាការងារយ៉ាងស្និទ្ធស្នាលជាមួយ លោក Jay Chan ដែលជាតារាចម្រៀងខ្មែរ-អាមេរិក ដ៏មានប្រជាប្រិយភាព ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នាខ្ពស់ ក្នុងគោលបំណងពង្រីកសក្តានុពល និងជំរុញការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ។

សមាគមសិល្បករខ្មែរ បានឱ្យដឹងថា ជំនួបដ៏មានសារៈសំខាន់នេះ ផ្តោតជាចម្បងលើការផ្លាស់ប្តូរទស្សនទាន និងការស្វែងរកឱកាស ដើម្បីតភ្ជាប់ស្ពានមេត្រីភាពរវាងសិល្បករក្នុងស្រុក និងសិល្បករខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិក។ ពិសេសជាការសិក្សាបន្ថែមពីការពង្រីកសក្តានុពលសិល្បៈខ្មែរ ដល់ក្មេងៗជំនាន់ក្រោយកម្ពុជាដែលបានកើតធំធាត់ និងរស់នៅក្រៅប្រទេស។
នៅក្នុងឱកាសនោះ លោក Jay Chan ក៏បានលើកឡើងពីទិដ្ឋភាពមួយចំនួនដែលលោកមានបទពិសោធន៍ ទាំងក្នុងការផលិតបទចម្រៀង និងរៀបចំការប្រគំតន្ត្រីធំតូចទាំងលក្ខណៈជាតិ និងអន្តរជាតិលើទឹកដីអាមេរិកផងដែរ។ ទន្ទឹមនឹងគ្នានោះ លោកក៏បានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសសិល្បៈពីបរទេស មកធ្វើការរួមគ្នានាពេលខាងមុខផងដែរ។
អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តស្រឡាញ់ជាតិមាតុភូមិរបស់ លោក Jay Chan ព្រមទាំងបានបញ្ជាក់យ៉ាងច្បាស់ថា សមាគមសិល្បករខ្មែរ តែងតែបើកទ្វារចំហ និងត្រៀមខ្លួនគាំទ្ររាល់គំនិតផ្តួចផ្តើមទាំងឡាយណា ដែលបំរើឱ្យផលប្រយោជន៍សិល្បៈវប្បធម៌ជាតិ និងលើកកម្ពស់តម្លៃសិល្បករខ្មែរគ្រប់រូប ដោយមិនប្រកាន់ថារស់នៅក្នុងស្រុក ឬក្រៅស្រុកនោះឡើយ៕





