ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំក្រុមការងារ “ច” “ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពសហប្រធានទាំងពីរគឺ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសហប្រធានក្រុមការងារ “ច” តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា សូ ងួន សហប្រធានក្រុមការងារ “ច” តំណាងផ្នែកឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល, អនុសហប្រធានក្រុមការងារ “ច” តំណាងផ្នែកឯកជន, តំណាងគ្រឹះស្ថានសមាគម និងក្រុមហ៊ុនឯកជនក្នុងវិស័យដឹកជញ្ជូនជាច្រើនទៀតផងដែរ។
បើតាមសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមដែលជាកង្វល់របស់ផ្នែកឯកជន ក្នុងវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ។ ជាក់ស្តែងកិច្ចប្រជុំនេះបានធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈម របស់ផ្នែកឯកជនចំនួន ២បញ្ហា រួមមាន៖
១. បញ្ហាទាក់ទងនឹងការអនុវត្តប្រកាសលេខ ១៨៨ សក.ប្រក.ដជគ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ និង
២. បញ្ហាការចំណាយផ្សេងៗនៅព្រំដែនម៉ុកបៃ(ប្រទេសវៀតណាម) មិនមានការប្រើប្រាស់វិក្កយបត្រត្រឹមត្រូវ។
សូមជម្រាបជូនថា តាមរយៈកិច្ចប្រជុំក្រុមការងារកម្រិតបច្ចេកទេស នៃក្រុមការងារ “ច” នេះ ភាគីទាំងពីរបានពិគ្រោះ និងដោះស្រាយបញ្ហាបានចំនួន ១១ បញ្ហារួចមកហើយ ដែលរួមមាន៖
១. បញ្ហាការកំណត់ទម្ងន់ផ្ទុកខុសគ្នាសម្រាប់រថយន្តដឹកជញ្ជូនទំនិញរវាងប្រទេសកម្ពុជា និងវៀតណាម
២. បញ្ហាការអនុវត្តចំពោះការអនុម័តលើឯកសារ ចេញ-ចូលក្បាលឡាន នៅច្រកព្រំដែនបាវិតម៉ុកបៃ (ប្រទេសកម្ពុជា-ប្រទេសវៀតណាម)
៣. បញ្ហាស្ថានីយជញ្ជីងថ្លឹងរថយន្តបញ្ច្រាស់ទិស នៅតាមបណ្តាផ្លូវជាតិ
៤. បញ្ហាការអនុវត្តចំពោះការអនុញ្ញាតិលើពេលវេលាចេញ-ចូលក្រុង មិនមានតម្លាភាព
៥. បញ្ហាការផ្លាស់ប្តូរស្លាកលេខដែលបាក់បែក ឬខូចខាត ទៅស្លាកលេខថ្មី
៦. បញ្ហាការកំណត់ការបិត ឬបាញ់ថ្មាំលើលេខផ្លាកយាន្តជំនិះអាជីវកម្មដឹកជញ្ជូនទំនិញ
៧. បញ្ហាការបណ្តុះបណ្តាលជំនាញបន្ថែម និងការប្រលងជ្រើសរើសអ្នកបើកបរប្រភេទរថយន្តដឹកជញ្ជូនទំនិញធន់ធំ
៨.បញ្ហាការបង់ពន្ធសម្រាប់ការលក់ និងផ្ទេរកម្មសិទ្ធិសឺមីរឹម៉ក
៩.ការដាក់ឯកសារស្នើសុំ តាមប្រព័ន្ធអនឡាញ យោងតាមប្រកាសលេខ ១៨៩ ស.ក.ប្រក.ដជគ ក្នុងប្រការ៥ និងយោងប្រកាស លេខ១៨៨ សក.ប្រក.ដជគប្រការ៥
១០. បញ្ហាទាក់ទងនឹងការអនុវត្តប្រកាសលេខ១៨៩សក.ប្រក.ដជគ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤
១១. បញ្ហាការយកពន្ធលើយានយន្តដោយក្រសួងពីរផ្សេងគ្នា។
ជាលទ្ធផល កិច្ចប្រជុំសម្រេចបានការដោះស្រាយគួរជាទីមោទនៈ នូវអ្វីដែលផ្នែកឯកជនសំណូមពរចង់បាន៕







