KNN GROUP របស់ អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ជុំវិញ​ឧកញ៉ា

ភ្នំពេញ ៖ «ដោយសារការជឿជាក់យ៉ាងមុតមាំបំផុត ទៅលើ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ទើប KNN GROUP សម្រេចចិត្តវិនិយោគបង្កើតរោងចក្រតម្លើងរថយន្តចំនួនទឹកប្រាក់ ២៨ លានដុល្លារ សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ក្រុមហ៊ុន KNN GROUP គឺជាក្រុមហ៊ុនដែលបង្កើតឡើង និងគ្រប់គ្រង ភាគហ៊ុន ១០០% ដោយ ជនជាតិខ្មែរ ហើយការវិនិយោគរោងចក្រដំឡើងរថយន្តនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់ប្រទេសយើង រួមមានជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូល ព្រមទាំងផ្តល់នូវការផ្ទេរបច្ចេកវិទ្យាទំនើប និងជំនាញបច្ចេកទេសដល់យុវជនខ្មែរជំនាន់ក្រោយ។ លើសពីនេះ គឺចូលរួមអភិវឌ្ឍធនធានមនុស្ស បង្កើតបុគ្គលិកជំនាញ និងឱកាសការងាររាប់រយកន្លែងសម្រាប់   សហគមន៌យើងផងដែរ » នេះជាការថ្លែងរបស់ អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន KNN GROUP ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត ដែលប្រារព្ធឡើងនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា

ពិធីដ៏ឱឡារឹកនេះ ទទួលបានការផ្តល់កិត្តិយសចូលរួមជាអធិបតីភាពដោយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដែលបានសម្តែងនូវការអបអរសាទរ ចំពោះការសម្រេចចិត្តវិនិយោគដ៏ធំសម្បើមនេះ នៅក្នុងតំបន់ដែលនឹងចូលរួមចំណែកយ៉ាងសកម្មដល់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងកម្មវិធីនេះ ក៏មានការចូលរួមពី អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល KNN Group និងលោកជំទាវ, គណៈគ្រប់គ្រងជាន់ខ្ពស់, បុគ្គលិក, ដៃគូអាជីវកម្ម, អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ។

ឆ្លៀតក្នុងឪកាសនេះដែរ ឯកឧត្តម ជា វុទ្ធី បានមានប្រសាសន៍សង្កត់ធ្ងន់ថា « ខ្ញុំសូមអរគុណ ចំពោះក្រុមហ៊ុន KNN GROUP ដែលបានជឿជាក់លើរដ្ឋាភិបាលកម្ពុជា និងសូមអះអាងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ដើម្បីធានាឲ្យគម្រោងនេះអនុវត្តបានដោយរលូន និងទទួលបានជោគជ័យស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលសម្តេចបានគូសបញ្ជាថា កម្ពុជាមិនមែនចង់បានតែការវិនិយោគនោះទេ តែក៏ចង់បានភាពរីកចម្រើននៃការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ។ »

អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន KNN GROUP

គម្រោងរោងចក្រដំឡើងរថយន្ត JETOUR មានទុនវិនិយោគសរុប ២៨ លានដុល្លារអាមេរិក លើផ្ទៃដីសរុប ១០ ហិកតា ដែលរំពឹងថានឹងចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មនៅដើមឆ្នាំ ២០២៧។ រោងចក្រនេះត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាជំនាន់ចុងក្រោយ ដែលមានសមត្ថភាពផលិត និងដំឡើងរថយន្តបានជាង ២០,០០០ គ្រឿងក្នុងមួយឆ្នាំ។ រោងចក្រនេះមានសមត្ថភាពអាចផ្គុំដំឡើងរថយន្តច្រើនប្រភេទ រួមមាន រថយន្តប្រភេទចំហេះក្នុង (សាំង) ប្រភេទអគ្គីសនីលាយសាំង (PHEV) និងប្រភេទអគ្គីសនីសុទ្ធ (EV) គ្រប់ប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជាការត្រៀមខ្លួនសម្រាប់នាំចេញទៅកាន់ទីផ្សារតំបន់អាស៊ាននាពេលអនាគត។

ចំណុចពិសេសរបស់រោងចក្រនេះ គឺការបំពាក់ប្រព័ន្ធស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ (AGV) នៅគ្រប់ដំណាក់កាលផលិត ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពជាក់លាក់ខ្ពស់។ ក្រៅពីខ្សែសង្វាក់ផលិតកម្មដ៏ទំនើប KNN Group ក៏បានវិនិយោគលើផ្លូវសាកល្បងរថយន្ត (Test Track) ប្រវែង ១,៣៣៥ ម៉ែត្រ ដែលជាផ្លូវសាកល្បងវែងតាមស្តង់ដារអន្តរជាតិ ដើម្បីធ្វើតេស្តគុណភាពរថយន្តគ្រប់គ្រឿងមុនពេលបញ្ជូនទៅដល់ដៃអតិថិជន។ លើសពីនេះ រោងចក្រផ្តោតសំខាន់លើនិរន្តរភាពបរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលស្អាត (Green Energy) និងបច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងសំណល់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មបៃតងនៅកម្ពុជា។

គម្រោងនេះត្រូវបានរំពឹងថានឹងក្លាយជាកម្លាំងចលករថ្មីដ៏សំខាន់មួយទៀត ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចរបស់ខេត្តកណ្តាលឱ្យមានសន្ទុះកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនគុណភាពធនធានមនុស្ស លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងបង្កើនប្រាក់ចំណូលគ្រួសារ ទាំងនេះសុទ្ធតែស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញឧស្សាហកម្មក្នុងស្រុក ។

សម្រាប់ព័ត៌មានបន្ថែម​ សូមទំនាក់ទំនង៖ 017 713 713