រដ្ឋមន្ត្រីក្រសួងអប់រំឥណ្ឌា លោក Dharmendra Pradhan បានប្រកាសលាលែងចេញពីតំណែងបន្ទាប់ពីរលកនៃការតវ៉ាទាមទារឲ្យរូបលោកទទួលខុសត្រូវចំពោះរឿងអាស្រូវលេចធ្លាយវិញ្ញាសារនៃការប្រឡងចូលសាលាវេជ្ជសាស្ត្រជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Pradhan បានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃទី២៥ ខែកក្កដាថា ៖”ខ្ញុំបានដាក់លិខិតលាលែងពីតំណែងរបស់ខ្ញុំទៅកាន់នាយករដ្ឋមន្ត្រីរួចរាល់ហើយ”។ លោកបានបន្ថែមទៀតថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការតវ៉ារបស់យុវជននៅតំបន់ Jantar Mantar ក្នុងទីក្រុង New Delhi និងទូទាំងប្រទេសប្រឆាំងនឹងរឿងអាស្រូវលេចធ្លាយវិញ្ញាសារប្រឡងចូលសាលាវេជ្ជសាស្ត្រជាតិរបស់ឥណ្ឌា កាលពីខែឧសភា។
គួរឲ្យដឹងថា ក្នុងអំឡុងពេលប្រឡងចូលសាលាវេជ្ជសាស្ត្រជាតិក្នុងខែឧសភា សំណួរប្រឡងត្រូវបានលេចធ្លាយ ដែលនាំឱ្យមានការលុបចោលលទ្ធផលចូលរៀន និងបទបញ្ជារបស់រដ្ឋាភិបាលសម្រាប់ការប្រឡងឡើងវិញ ដែលប៉ះពាល់ដល់បេក្ខជនប្រហែលពីរលាននាក់។ ការតវ៉ាក៏បានឆ្លុះបញ្ចាំងពីការមិនពេញចិត្តចំពោះកង្វះការងារ អំពើពុករលួយ និងការទទួលខុសត្រូវរបស់រដ្ឋាភិបាលផងដែរ។
ជម្រាបជូនថា លោក Pradhan គឺជារដ្ឋមន្ត្រីទីពីរដែលបានលាលែងពីតំណែងដោយសារតែរឿងអាស្រូវចាប់តាំងពីលោកនាយករដ្ឋមន្ត្រី Narendra Modi ឡើងកាន់អំណាចក្នុងឆ្នាំ២០១៤ មក។ ពីមុនលោក MJ Akbar ត្រូវលាលែងពីតំណែងពីទេសរដ្ឋមន្ត្រីនៅឆ្នាំ២០១៨ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទយាយីផ្លូវភេទលើស្ត្រីមួយចំនួន៕

