លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ជួបសម្ដែងការគួរសមជាមួយ លោក លួ នីងទី ប្រធានសមាគមយុវជនពាណិជ្ជករក្វាំងចូវ ប្រធានគណៈកម្មាធិការយុវជន នៃសមាគមពាណិជ្ជកម្មភូនិងខេត្តក្វាងទុង មកកាន់ប្រទេសកម្ពុជា។

ក្នុងជំនួបនេះ ត្រូវបានធ្វើឡើងនៅអគារ Canadia Tower ដោយមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ព្រមទាំងសមាជិក សមាជិកា និងធុរជនសាធារណរដ្ឋប្រជាមានិតចិន ជាច្រើនរូបទៀត។
ក្នុងឱកាសនេះ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរស៊ីជម្រៅលើប្រធានបទដូចជា ប្រវត្តិនៃការអភិវឌ្ឍន៍របស់ជនជាតិចិននៅក្រៅប្រទេស ពិសេសនៅកម្ពុជា បរិយាកាសធុរកិច្ច និងការវិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគ្រិនវ័យក្មេងនៃប្រទេសទាំងពីរ។
ទាក់ទងនឹងបរិយាកាសវិនិយោគ លោកអ្នកឧកញ៉ា ពុង ឃាវសែ បានថ្លែងថា ប្រទេសកម្ពុជាមានស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចស្ថិរភាព ហើយរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយវិនិយោគអនុគ្រោះជាច្រើន។ ជាមួយនឹងការពង្រឹងសហគមន៍អនាគតរួមចិន-កម្ពុជា និងការបន្តកើនឡើងនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ប្រទេសកម្ពុជាបានក្លាយជាគោលដៅសំខាន់មួយ សម្រាប់សហគ្រាសចិន ដែលកំពុងពង្រីកខ្លួនចូលទៅក្នុងទីផ្សារអាស៊ានផងដែរ៕








